(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ​ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូន លោកជំទាវ កែវ សញ្ញាម៉ូ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ហុង ស៊ុនហួត ជាអតីតរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ អនុប្រធានទី២ នៃរដ្ឋសភា ដែលជាស្វាមី។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំជាខ្លាំងដោយបានទទួលដំណឹងថា ឯកឧត្ដម ហុង ស៊ុនហួត ជាអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ អនុប្រធានទី២ នៃរដ្ឋសភា ដែលត្រូវជាស្វាមីរបស់លោកជំទាវ នៅថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១០:៣០នាទី ក្នុងជន្មាយុ៧៦ឆ្នាំ នៅមន្ទីរពេទ្យ Hospital Antibes ទីក្រុងនីស ប្រទេសបារាំង ដោយរោគាពាធ»

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានឱ្យដឹងថា ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់នូវស្វាមី ឪពុក ជីតា ជីតាទួតជាទីគោរពស្រឡាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារមិនខ្លាចនឿយហត់ក្នុងការចូលរួមចំណែកក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងបានចូលរួមចំណែកក្នុងការស្តារ កសាងនឹងអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ទោះបីរូបកាយរបស់ ឯកឧត្តម ហុង ស៊ុនហួត បានបាត់បង់ទៅមែនពិត ប៉ុន្តែ អំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរ
ក្នុងសន្តានចិត្តលោកជំទាវជាភរិយា កូនៗចៅៗ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហុង ស៊ុនហួត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចែករំលែកទុក្ខដោយក្តីក្រៀមក្រំពីខ្ញុំ និងភរិយា»៕