(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក Stefan Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី យ៉ាងស៉ីជម្រៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្តាញ Fresh News ទទួលបាន។

ក្នុងអំឡុងពេលដែលលោកឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រមុខការទូតកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ភាគីទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងកម្ពុជា និងអាល្លឺម៉ង់ ដូចដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈសកម្មភាពពាណិជ្ជកម្មដ៏រឹងមាំ និងការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញ៉ាប់ ព្រមទាំងបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការវិវត្តដ៏គួរឱ្យកត់សម្គាល់ នៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ជាពិសេស នៅក្នុងឆ្នាំ២០២២ ដែលត្រូវបានធ្វើការកត់សម្គាល់តាមរយៈការបញ្ចប់ការពិនិត្យដោយក្រសួងការបរទេសនៃប្រទេសទាំងពីរ លើសេចក្តីថ្លែងការណ៍រួមស្តីពីគោលបំណងក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី និងការរៀបចំកិច្ចប្រជុំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ នៅរាជធានីភ្នំពេញ កាលពីខែមករា នៅក្នុងឆ្នាំនោះ ហើយដែលបានបើកផ្លូវឱ្យមានដំណើរទស្សនកិច្ចផ្លូវការរបស់ លោកឧបនាយករដ្ឋមន្រ្តី ទៅកាន់អាល្លឺម៉ង់ នៅក្នុងខែកុម្ភៈ ដែលជាដំណើរទស្សនកិច្ចលើកទី១ របស់រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅក្នុងរយៈពេល២៧ឆ្នាំមកនេះ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកអំពីកិច្ចពិភាក្សាដ៏ល្អរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Olaf Scholz អធិការបតីសហព័ន្ធអាល្លឺម៉ង់ នៅក្នុងជំនួបទ្វេភាគីដែលបានប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល កាលពីខែធ្នូ ឆ្នាំមុន ក៏ដូចជា ជំនួបពិភាក្សារវាង លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី Annalena Baerbock រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់លោកនៅអាល្លឺម៉ង់ ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើវិស័យជាច្រើន រួមមាន វិស័យអប់រំ វប្បធម៌ ការកាត់បន្ថយភាពក្រីក្រ ថាមពល ការបោសសម្អាតមីន អភិបាលកិច្ចល្អ និងសុខាភិបាល ជាដើម។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ដោយក្តីរីករាយចំពោះការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីដ៏ល្អរវាងប្រទេសទាំងពីរ ដោយគូសបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ឈរនៅលេខរៀងទីមួយក្នុងចំណោមបណ្តាប្រទេសក្នុងសហភាព អឺរ៉ុប និងបានបង្ហាញក្តីសង្ឃឹមចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសអាល្លឺម៉ង់ ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជំរាបលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ អំពីការ វិវត្តនៅក្នុងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ជាពិសេស ការត្រៀមរៀបចំរបស់កម្ពុជា និងរបស់គណបក្សនយោបាយផ្សេងៗ សម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ ដែលនឹងប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានតម្លាភាព ដោយសង្កត់ធ្ងន់លើអាទិភាពចំបងបំផុត គឺសន្តិភាព ដែលកម្ពុជាត្រូវតែការពារ និងថែរក្សា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឯកអគ្គរដ្ឋទូត Stefan Messerer ក៏បានផ្លាស់ប្តូរយោបល់លើការវិវត្តនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិមួយចំនួនផងដែរ ដោយក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតអំពីភាពស្មុគស្មាញនៃវិបត្តិមីយ៉ាន់ម៉ា និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលមករកភាពប្រក្រតីឡើង វិញ។

លោកឯកអគ្គរដ្ឋទូត បានកើតសរសើរកម្ពុជាចំពោះ «សមិទ្ធផលការងារដ៏អស្ចារ្យ» ក្នុងឋានៈ ជាប្រធានអាស៊ាន ឆ្នាំ២០២២ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយជោគជ័យត្រចះត្រចង់៕