(ឥណ្ឌូនេស៊ី)៖ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៉ី នាវេលាម៉ោង ០៣៖១០នាទីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីផ្ទេរតំណែងអគ្គលេខាធិការអាស៊ាន ក្រោមអធិបតីភាពលោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ី ដោយលោក កៅ គឹមហួន ជំនួសលោក លឹម ចុកហ៊យ ដែលចប់អាណត្តិ។

ក្នុងពិធីនេះ មានការចូលរួមពីតំណាងអចិន្ត្រៃយ៍ប្រទេសសមាជិកអាស៊ានទាំង១០ និងឯកអគ្គរដ្ឋទូតប្រទេសមិនមែនអាស៊ាន ចំនួន៩៧ប្រទេស បណ្តាញសារព័ត៌មានអន្តរជាតិចំនួន១១ និងអង្គភាពអាស៊ាននានា ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ចំនួន៦។

សូមបញ្ជាក់ថា លោក កៅ គឹមហួន បានធ្វើដំណើរទៅកាន់រដ្ឋធានីហ្សាកា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ក្រោយត្រូវបានកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រកាសតែងតាំងជា អគ្គលេខាធិការអាស៊ាន ចាប់ពីឆ្នាំ២០២៣តទៅ ដែលអាណត្តិនៃអគ្គលេខាធិការអាស៊ាននេះ មានរយៈពេល៥ឆ្នាំ។

លោក កៅ គឹមហួន ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើធ្វើជាអគ្គលេខាធិការអាស៊ាន ឆ្នាំ២០២៣ នៅពេលដែលដល់វេនប្រទេសកម្ពុជា។ នេះជាលើកទី១ ដែលកម្ពុជាមានឱកាសធ្វើជា អគ្គលេខាធិការអាស៊ាន បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩។

តាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ានបានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន ត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃរដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព បទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រ៕