(កំពង់ចាម)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រកាសទទួលស្គាល់ ប្រធាន-អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយស គណៈកម្មាធិការ ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ព្រមទាំងមន្ត្រីបច្ចេកទេសពីទីស្នាក់ការកណ្តាល សរុបចំនួន ៣៣០នាក់។

នៅក្នុងអាណត្តិទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង លោក ប៉ាន សូរស័ក្តិ ជាប្រធានកិត្តិយស ដើម្បីបំពេញភារកិច្ចបន្តពី សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព និងមានអនុប្រធានកិត្តិយសចំនួន ២៥រូប តាមសេចក្តីសម្រេចលេខ ៨៤ កក្រក.ធធ.ចត ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

តាមរបាយការណ៍ស្វាគមន៍របស់លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានឱ្យដឹងថា «ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានដាក់ចេញនូវលិខិតបទដ្ឋាន ជាគោលសំខាន់ៗសម្រាប់ប្រតិបត្តិការមនុស្សធម៌ ជាពិសេសបានរៀបចំផែនការអភិវឌ្ឍសាខា រយៈពេល៥ឆ្នាំ ដំណាក់កាលទី១ (២០២១-២០២៥) និងផែនការអភិវឌ្ឍសកម្មភាពរបស់សាខាឆ្នាំ២០២៣ ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្ត្រឆ្នាំ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា»។

លោកបានគូសបញ្ជាក់ថា «ក្នុងរយៈពេល ៣ឆ្នាំកន្លងទៅ ដោយមានការណែនាំតម្រង់ទិសពី សម្តេចឧត្តមទេពញាណ ហ៊ុន ណេង, សាខា អនុសាខា បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការផ្តល់សេវាកម្មមនុស្សធម៌ ផ្តោតលើវិស័យអាទិភាពទាំង៤ ដោយបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃភាពងាយរងគ្រោះ ហើយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់»

លោក ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៥ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់នូវជំនឿទុកចិត្ត និងបានតែងតាំងឱ្យទទួលមុខតំណែងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ហើយសូមសន្យាជាឱឡារិកថា នឹងរៀនសូត្រយកតម្រាប់តាមគំរូស្នាដៃដ៏ប្រពៃរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង តាមរយៈនៃការខិតខំកៀរគររកមូលនិធិ ថវិកាពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដើម្បីជួយបន្តនិរន្តរភាពទ្រទ្រង់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម តាមគ្រប់លទ្ធភាព ធានាឱ្យសាខាម្ចាស់ការបំពេញបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម និងការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពរបស់កាកបាទក្រហមកម្ពុជា ដូចពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា»

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានថ្លែងដោយក្តីសោមនស្សរីករាយ ព្រមទាំងការពាំនាំនូវក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយនឹងប្រសាសន៍ថ្លែងអំណរគុណ និងការកោតសរសើរចំពោះ គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ដែលតែងតែសកម្មក្នុងការបំពេញភារកិច្ចមនុស្សធម៌ ជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបានឆាប់រហ័សទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ស័ក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

ឆ្លៀតក្នុងឱកាសដ៏មានសារសំខាន់នេះ លោកស្រីបានជម្រាបជូនអង្គពិធីនូវលក្ខណៈពិសេសនៃការអភិវឌ្ឍសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដែលផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍកាកបាទក្រហមកម្ពុជាទាំងមូល និងការអភិវឌ្ឍរបស់សាខាទាំង ២៤ផ្សេងទៀត ក៏ដូចជាលក្ខណៈពិសេសរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកស្រីអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ពិតជាមានជំនឿជឿជាក់ថា ប្រធានកិត្តិយស រួមជាមួយ អនុប្រធានកិត្តិយស នឹងបន្តនូវភារកិច្ចជាគំរូរបស់ សម្តេចឧត្តមទេពញាណ ជួយជាកម្លាំងជំរុញថែមទៀតនូវការអភិវឌ្ឍសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ឱ្យកាន់តែមានភាពម្ចាស់ការខ្ពស់ មានចីរភាពធនធានហិរញ្ញវត្ថុ ដើម្បីសហគមន៍នានាក្នុងខេត្តមានភាពធន់ និងភាពងាយរងគ្រោះបំផុតត្រូវបានដោះស្រាយ។

ទន្ទឹមនឹងនេះ សូមគណៈកិតិ្តយសសាខា និងគណៈកម្មាធិការសាខា បន្តជួយជ្រោមជ្រែងដល់ក្រុមប្រតិបត្តិ ដែលជាកត្តាជំរុញដល់ការអភិវឌ្ឍសាខា អនុសាខា និងធានាបានប្រតិបត្តិការមនុស្សធម៌មានប្រសិទ្ធភាព ហើយក្រុមប្រតិបត្តិ ក៏ត្រូវតែជាកងកម្លាំងឯកភាពគ្នាមួយ ដែលគោរពគោលការណ៍ និងការសម្រេចរបស់គណៈកម្មាធិការសាខា និងមានសមត្ថភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃសម្រេចបានលទ្ធផលតាមការរំពឹងទុក ហើយសម្រាប់បច្ចុប្បន្ននេះទៀត សំខាន់បំផុតការចេះប្រើបច្ចេកវិទ្យា និងត្រូវក្តាប់ព័ត៌មាននៃភាពងាយរងគ្រោះនៅតាមសហគមន៍។

លោកស្រីអគ្គលេខាធិការរងទី១ ក៏បានពាំនាំនូវអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនចំពោះសាខាកាកបាទក្រហមកម្ពុជាដូច្នេះថា៖
១៖ សូមបន្តពង្រឹង និងពង្រីកសមត្ថភាពបន្ថែមទៀតទាំងថ្នាក់កណ្តាល សាខា អនុសាខា ដើម្បីដឹកនាំអ្នកស្ម័គ្រចិត្ត និងយុវជនឱ្យបំពេញការងារមនុស្សធម៌បានពេញលេញនៅតាមសហគមន៍។
២៖ សូមយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត ឱ្យចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាប្រឈមនានា។
៣៖ ក្នុងការងារយុវជន សូមយកចិត្តទុកដាក់ដោះស្រាយជីវភាពសិស្ស-និស្សិត ដែលមានជីវភាពខ្វះខាត។

បន្ទាប់ពីបញ្ចប់កម្មវិធីខាងលើនេះ លោកស្រីអគ្គលេខាធិការរងទី​១​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីសាខា​ ក្នុងការបំពេញការងារមនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា​៕