(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី១១ ខែមករាស្អែកនេះ លោកនឹងដឹកនាំមន្ដ្រីពាក់ព័ន្ធ ចុះជួបដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លីនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា បន្ទាប់ពីទទួលបាន ស.ជ.ណ គ្របដណ្ដប់លើដីប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្ត និងមន្ដ្រីពាក់ព័ន្ធ គ្រាន់តែចុះធ្វើការវាស់វែងជាក់ស្ដែងប៉ុណ្ណោះ ហើយមិនទាន់សម្រេចបានប្រគល់ជូនភាគីណានោះទេ។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងយ៉ាងដូច្នេះថា «យើងអនុវត្តតាម ស.ជ.ណ របស់រាជរដ្ឋាភិបាល គ្រាន់តែចុះទៅវាស់វែងប៉ុណ្ណោះ មិនទាន់សម្រេចថា ប្រគល់ជូនទៅភាគីណានោះទេ»។ បើតាមលោកអភិបាលខេត្ត ខណៈកន្លងទៅបានសម្របសម្រួលជាមួយប្រជាពលរដ្ឋ បានចំនួន៤គ្រួសាររួចមកហើយ ដោយអនុវត្តតាមនយោបាយឈ្នះ-ឈ្នះ។

សូមរំលឹកថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាពេលបច្ចុប្បន្ននេះកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាដីធ្លី និងផ្ទះសម្បែងរបស់ ពួកគាត់ ដែលបានទិញជាយូរឆ្នាំមកហើយ ដោយមានការទទួលស្គាល់ពីអាជ្ញាធរ និងមន្ដ្រីជំនាញត្រឹមត្រូវ ស្រាប់តែកាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ ស្រាប់តែមាន ស.ជ.ណ ចេញមកគ្របដណ្ដប់លើដីរបស់ពួកគាត់ និងសម្រេចប្រគល់ទៅឲ្យបុគ្គលពីររូបឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធល កាន់កាប់ជាម្ចាស់កម្មសិទ្ធិ។

សូមបញ្ជាក់ថា តាមព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ សាយ សុធល បានទទួលមរណភាពបាត់ទៅហើយ។ ដោយឡែក ឈ្មោះ ហេង ពៅ ក៏មិនមែនអ្នករកស៉ីធំដុំ គ្រាន់តែជាប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះ។

តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ បានស្វែងរកអន្ដរាគមន៍ជាបន្ដបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរក្រុង អាជ្ញាធរខេត្ត រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងបន្ដអន្តរាគមន៍នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ជាពិសេសអន្ដរាគមន៍ទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ។

យោងតាមការរៀបរាប់ពីតំណាងប្រជាពលរដ្ឋ មកកាន់បណ្ដាញព័ត៌មាន Fresh News បានរំលឹកពីប្រវត្តិដីដូចខាងក្រោម៖

កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៤ ឈ្មោះ សាយ សុធល និងឈ្មោះ ហេង ពៅ បានប្ដឹងឈ្មោះ ជា ខេង ទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់បុគ្គលឈ្មោះ ជា ខេង រំលោភព្រំដីរបស់ខ្លួនដែលពេលនោះ មានជាង១៤ហិកតា។

តាមរយៈបើកសវនាការ និងកាត់ក្ដីជាបន្ដបន្ទាប់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញសាលក្រមប្រគល់ដីជាង១៤ហិកតានេះ ទៅឲ្យឈ្មោះ សាយ សុធល និងឈ្មោះ ហេង ពៅ ហើយសាលក្រមរបស់តុលាការ ក៏ចូលជាស្ថាពរ រហូតមានការចុះអនុវត្តផ្ទាល់នៅទីតាំងដី ដោយប្រគល់ទៅឲ្យឈ្មោះ ហង្ស ម៉ៅ ជាអ្នកទទួលសិទ្ធិ ដោយសារតែបុគ្គលនេះទទួលបានលិខិតប្រគល់សិទ្ធិ ពីឈ្មោះ សាយ សុធល និងឈ្មោះ ហេង ពៅ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ ដែលអនុញ្ញាតឲ្យឈ្មោះ ហង់ ម៉ៅ មានសិទ្ធិពេញលេញ និងសម្រេចការងារគ្រប់បែបយ៉ាងទៅលើបញ្ហាដីធ្លីនេះ។

បន្ទាប់មកភាគីពាក់ព័ន្ធក៏មានកិច្ចសន្យាបញ្ចប់ទំនាស់រវាងឈ្មោះ សាយ សុធល ឈ្មោះ ហេង ពៅ ឈ្មោះ ជា ខេង និងឈ្មោះ ពិន ចំណាន ដោយសម្រេចប្រគល់ដីជាង១៤ហិកតា នៅភូមិស្ទឹងបត់នេះ ទៅឲ្យឈ្មោះ ហង្ស ម៉ៅ ជាកម្មសិទ្ធិផ្ដាច់មុខ។

បើតាមតំណាងប្រជាពលរដ្ឋក្រោយទទួលបានសិទ្ធិកាន់កាប់ នៅលើដីជាង១៤ហិកតា ឈ្មោះ ហង្ស ម៉ៅ ក៏បានពុះដីឡូតិ៍លក់ទៅឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នករកស៉ីជាដើម ក្នុងទំហំ១០ គុណ២០ម៉ែត្រ ដោយមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ តាំងពីមេភូមិ ចៅសង្កាត់ និងអភិបាលក្រុងប៉ោយប៉ែតគ្រប់ជំនាន់ ដោយសារតែអាជ្ញាធរទាំងនោះ ហ៊ានចុះហត្ថលេខានៅលើលិខិតទិញលក់ ដោយយោងតាមឯកសារសាលក្រមជាស្ថាពរ ឯកសារកំណត់ហេតុចុះអនុវត្ត និងឯកសារកិច្ចសន្យាបញ្ចប់ទំនាស់ រវាងភាគីពាក់ព័ន្ធ។

ប៉ុន្ដែក្រោយការកាន់កាប់រយៈពេលជិត១០ឆ្នាំមកនេះ ក្លាយជាភូមិឋានទៅហើយនោះ ស្រាប់តែនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ក៏មានលិខិត ស.ជ.ណ មួយលេចឡើងដោយបង្គាប់ឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីររៀបចំដែនដីខេត្ត ចុះបញ្ជីដីធ្លីតាមអំណាចសាលក្រមរបស់តុលាការជាស្ថាពរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ទៅឲ្យឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធល កាន់កាប់ជាកម្មសិទ្ធិទៅវិញ។

ជាមួយគ្នានេះ ស.ជ.ណ ក៏បានឲ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវបិទបញ្ចប់ការបកស្រាយ និងការប្រើប្រាស់កិច្ចសន្យា ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៨ និងកិច្ចសន្យាចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៨ផងដែរ។

ជាមួយគ្នានេះ នៅក្នុងលិខិត ស.ជ.ណ ក៏ស្នើឲ្យរដ្ឋបាលខេត្ត ត្រូវមានវិធានការតាមផ្លូវច្បាប់ និងស្នើដល់ស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ ចាត់ការឃុំខ្លួនផ្ដន្ទាទោសឈ្មោះ ហង្ស ម៉ៅ និងបក្ខពួក ដោយមិនត្រូវលើកលែងដើម្បីលុបបំបាត់ អំពើល្មើសក្នុងមូលដ្ឋានខាងលើ។

យោងតាមប្រភពព័ត៌មានពីឈ្មោះ ហង្ស ម៉ៅ បានបញ្ជាក់ថា ក្រោយលោកទទួលបានដីជាង១៤ហិកតា ជាកម្មសិទ្ធិនោះ ជាក់ស្ដែងគឺត្រូវកាត់ឲ្យរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងទៀត ដូច្នេះដីដែលលោកកាន់កាប់ពិតប្រាកដ ប្រហែល៨ហិកតាប៉ុណ្ណោះ ហើយដីទាំងនេះក៏ត្រូវបានពុះឡូតិ៍លក់ទៅឲ្យប្រជាពលរដ្ឋ ដោយមានការទទួលស្គាល់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ក្រោយទទួលបានលិខិត ស.ជ.ណ នេះ ប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែពួកគាត់បានកាន់កាប់យូរឆ្នាំ រហូតបង្កើតជាភូមិឋានរស់នៅយ៉ាងសុខសប្បាយ ប៉ុន្ដែត្រូវបានជូនដំណឹង របស់អាជ្ញាធរត្រូវប្រគល់ដីឲ្យភាគីផ្សេងទៅវិញ។

តាមសេចក្ដីរាយការណ៍មួយទៀត បានឲ្យដឹងថា បញ្ហាដីធ្លីនេះបានកើតមានឡើង ស្របពេលដែលនៅចំណុចស្ទឹងបត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ឯកភាពគ្នាបើកច្រកទ្វារអន្ដរជាតិ ដែលធ្វើឲ្យតម្លៃដីនៅតំបន់នោះ មានការកើនឡើងយ៉ាងខ្លាំង។

ប្រជាពលរដ្ឋក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើការតវ៉ានៅទីតាំងដីរបស់ខ្លួន និងសូមអំពាវនាវសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្អាកការអនុវត្ត ស.ជ.ណ កាលពីចុងខែកក្កដា ឆ្នាំ២០២២ និងស្នើឲ្យបង្កើតគណៈកម្មការចុះស្រាវជ្រាវលើទីតាំងដីជាក់ស្ដែង ព្រមទាំងពិនិត្យរាល់ឯកសារកាន់កាប់ដីធ្លីរបស់ប្រជាជន ដើម្បីស្វែងរកការពិត និងផ្ដល់យុត្តិធម៌ជូនពួកគាត់ ដើម្បីបន្ដការកាន់កាប់ និងរស់នៅដោយសុខសាន្ដក្រោមដំបូលសន្ដិភាពរបស់រាជរដ្ឋាភិបាល។

កន្លងទៅថ្មីៗនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក្នុងជំនួបជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់អំពីជំហររបស់លោកក្នុងការការពារប្រជាពលរដ្ឋ ដែលជាម្ចាស់ដីស្របច្បាប់ រស់នៅជិត១០ឆ្នាំំ និងបានក្លាយជាភូមិឋានទៅហើយនោះ៕