(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះ ហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ពិធីចុះហត្ថលេខានេះ ត្រូវបានចុះហត្ថលេខាដោយ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ និងលោកស្រី សាយ សំអាត អគ្គលេខាធិការអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជានៃធនាគារជាតិ នៃកម្ពុជា។

លោក គង់ វិបុល បានថ្លែងថា គោលបំណងនៃការចុះកិច្ចព្រមព្រៀងនេះ ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មាន រវាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ កម្ពុជា នៃធនាគារជាតិកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ សំដៅរួមគ្នាបង្កើនប្រសិទ្ធភាព ស៊ើបអង្កេតលើករណីសម្អាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម ដែលអាចកើតចេញពីបទល្មើស នៃការគេចវេះពន្ធ និងក្នុងគោលដៅទទួលបាននូវលទ្ធផលជាវិជ្ជមាន អំពីការវាយតម្លៃ អញ្ញមញ្ញ (ការវាយតម្លៃគ្នាទៅវិញទៅមក) ពីសំណាក់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Group) មកលើកម្ពុជា។

លោក គង់ វិបុល បានថ្លែងទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺពិតជាមានសារសំខាន់ សម្រាប់អគ្គនាយកដ្ឋានពន្ធដារដែលជា អង្គភាពមួយមានតួនាទី ប្រមូលចំណូលពន្ធផ្ទៃក្នុងជូនជាតិ ព្រោះថា អគ្គនាយកដ្ឋានពន្ធដារត្រូវការជាចាំបាច់ នូវព័ត៌មានហិរញ្ញវត្ថុរបស់អ្នក ជាប់ពន្ធសម្រាប់ជាមូលដ្ឋាន ក្នុងការគាំទ្រដល់កិច្ចការសវនកម្ម ក៏ដូចជាយន្តការ ក្នុងការអនុវត្តវិធានការតឹងទារបំណុលពន្ធ ពោលគឺការ ពង្រឹងការគ្រប់គ្រង ប្រមូលចំណូលពន្ធ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសមភាព ។

លោកស្រី សាយ សំអាត អគ្គលេខាធិការអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា បានថ្លែងថាក្នុងដំណើរការវិភាគ មួយចំនួនអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា បានពិនិត្យឃើញថា មានជនសង្ស័យមួយចំនួន បានប្រើប្រាស់សាច់ប្រាក់ក្នុងបរិមាណដ៏ ច្រើនក្នុងការប្រតិបត្តិអាជីវកម្មរបស់ខ្លួន ដូចជាការបើកក្រុមហ៊ុនធ្វើអាជីវកម្ម ដែលមានលក្ខណៈជាបណ្តាញបន្ទាប់មកពួកគេបានធ្វើ ប្រតិបត្តិការ ប្តូរផ្ទេរប្រាក់ចេញចូល ទាំងក្នុងនិងក្រៅប្រទេស ក្នុងបរិមាណមួយគួរឲ្យគត់សម្គាល់។ ការវិភាគប្រតិបត្តិការទាំងនោះបាន បង្ហាញថា ប្រតិបត្តិការមួយចំនួនទាក់ទងនឹងប្រតិបត្តិការសាច់ប្រាក់ របស់ក្រុមហ៊ុន ឬជនសង្ស័យ មានលក្ខណៈមិនស្របទៅលើសវតា របស់ក្រុមហ៊ុន។

លោកស្រីបញ្ជាក់ថា ព័ត៌មានសង្ស័យដែល អង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា ទទួលបានទាំងនេះ បានក្លាយជាតម្រុយយ៉ាងសំខាន់ សម្រាប់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើការស៉ើបអង្កេត បន្តទៅលើជនសង្ស័យ ឬក្រុមហ៊ុនដែលមានការ សង្ស័យថា ដែលបានគេចពន្ធ។  

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជាយន្តការដ៏មានសារសំខាន់និងបំពេញឲ្យគ្នា ទៅវិញទៅមក ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ស្តីពីការផ្លាស់ប្តូរព័ត៌មានហិរញ្ញវត្ថុ ព័ត៌មានរបស់បុគ្គល ឬអង្គភាពនិងស្ថានភាព ពាក់ព័ន្ធនឹងសកម្មភាពសម្អាតប្រាក់ ឬហិរញ្ញប្បទាន ភេរវកម្មពាក់ព័ន្ធនឹងបទល្មើសគេចពន្ធ កេងបន្លំពន្ធ ដែលផលនៃបទល្មើសនេះអាចត្រូវ បានប្រើប្រាស់តាមរយៈប្រព័ន្ធហិរញ្ញវត្ថុ៕