(ភ្នំពេញ)៖ លោកស្រីបណ្ឌិតកុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចាត់ទុកថា បុគ្គលដែលបានរិះគន់ថ្ងៃ៧មករា គឺជាបុគ្គលគ្មានគុណធម៌ និងមានចេតនាគាំទ្រដល់របបប្រល័យពូជសាសន៍ ដ៏គួរឱ្យស្អប់ខ្ពើម។

លោកស្រីបណ្ឌិត កុយ ពិសី បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកស្រី ដឹកនាំសមាជិក សមាជិការ សិស្ស-និស្សិតជិត៣០០នាក់ អបអរសាទរដល់ខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។

នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត កុយ ពិសី បានរំលឹកអំពីគុណបំណាច់របស់ ថ្ងៃ៧មករាឆ្នាំ១៩៧៩ ដែលបានជួយរំដោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឱ្យរស់រានមានជីវិត រួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ប៉ុលពត។ លោកស្រីបានបន្ថែមថា ប្រសិនបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលជាការរួមកម្លាំងដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដើម្បីរំដោះប្រជាជនកម្ពុជាទេនោះ ម្ល៉េះនឹងមិនមានសន្តិភាព និងមានអ្វីៗដូចសព្វថ្ងៃនេះឡើយ។

ជាថ្មីម្ដងទៀត លោកស្រីបណ្ឌិត កុយ ពិសី ក៏បានអំពាវនាវប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ បន្តចូលរួមថែរក្សាការពារសុខសន្ដិភាពដែលរកបានមកដោយលំបាកនេះ ហើយចូលរួមប្រឆាំងដាច់ខាតចំពោះជនណាដែលចង់បំផ្លិចបំផ្លាញដល់សុខសន្តិភាពរបស់យើង៕