(ភ្នំពេញ)៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ម្សិលមិញ ព្រមានប្តឹងយកផ្ទះរបស់ លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀន, ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបកស្រាយពីរឿងរ៉ាវនៃផ្ទះនេះ ដោយអះអាងថា លោក គង់ គាំ បានលួចពីក្រសួងការបរទេស។ ផ្ទះនេះស្ថិតនៅតាមមហាវិថីព្រះសុធារស សង្កាត់ទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ថ្លែងក្នុងកិច្ចសម្ភាសពិសេសជាមួយបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក ហោ ណាំហុង បានលើកឡើងថា ពេលលោកធ្វើជាអនុរដ្ឋមន្ត្រីការបរទេស ផ្ទះនោះលោកឲ្យទៅអតីតសហភាពសូវៀត (រុស្ស៉ីសព្វថ្ងៃ) ដោយកាលនោះក្រោយរំដោះ ៧មករា សហភាពសូវៀត បានជួយកម្ពុជាច្រើនជាងប្រទេសណាទាំងអស់។ លោក ហោ ណាំហុង បានឲ្យផ្ទះវីឡាមួយដ៏ល្អទៅឯកអគ្គរដ្ឋទូតសហភាពសូវៀត និងឲ្យអាគារមួយចំនួន នៅមុខផ្ទះឯកអគ្គរដ្ឋទូតនោះ ធ្វើជាការិយាល័យស្ថានទូតរបស់ខ្លួន ហើយក្រោយមកលោកក៏ឲ្យអាគារដ៏ធំមួយទៀត ធ្វើការិយាល័យពាណិជ្ជកម្ម។

លោក ហោ ណាំហុង បានបន្តថា នៅឆ្នាំ១៩៨០ មុនពេលលោកទៅទីក្រុងម៉ូស្គូ លោកបានធ្វើលិខិតទៅសហភាពសូវៀត យកផ្ទះនោះមកវិញ ដោយសារសហភាពសូវៀត បានទទួលផ្ទះច្រើនណាស់មកហើយ។ ខាងសហភាពសូវៀត ក៏សុខចិត្តផ្តល់ជូនមកក្រសួងការបរទេសវិញ ហើយលោក ហោ​ ណាំហុង ក៏ទុកផ្ទះនោះនៅទំនេរ។

នៅក្នុងខែមករា ឆ្នាំ១៩៨១ សម្តេច ហេង សំរិន អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានសម្រេចឲ្យ លោក ហោ ណាំហុង​ ទៅទីក្រុងម៉ូស្គូ ធ្វើជាឯកអគ្គរដ្ឋទូត។ ពេលលោក គង់ គាំ ត្រឡប់ពីធ្វើឯកអគ្គរដ្ឋទូតនៅទីក្រុងហាណូយវិញ បានដណ្តើមយកផ្ទះនោះ។ កាលនោះ លោក ហោ ណាំហុង ត្រូវផ្លាស់ពីអនុរដ្ឋមន្ត្រីការបរទេស ទៅធ្វើជាឯកអគ្គរដ្ឋទូតនៅទីក្រុងម៉ូស្គូ រីឯលោក គង់ គាំ ផ្លាស់ពីឯកអគ្គរដ្ឋទូតនៅទីក្រុងហាណូយ មកជាអនុរដ្ឋមន្ត្រីការបរទេស។

«ផ្ទះនេះខ្ញុំដឹងច្បាស់ ជាផ្ទះរបស់ក្រសួងការបរទេស។ ខ្ញុំជាអ្នកទាមទារពីរុស្ស៉ីមក រុស្ស៉ីក៏ឲ្យហើយខ្ញុំទុកចោល ហើយខ្ញុំទៅរុស្ស៉ីផ្ទះនោះក៏ទំនេរទៅ។ ដល់ពេលខ្ញុំទៅម៉ូស្គូ បាត់ទៅ គង់ គាំ មកវិញ ក៏យកផ្ទះនោះបាត់ទៅ។ អត់មានការអនុញ្ញា អត់មានការយល់ព្រមពីក្រសួងការបរទេសទេ។ មានន័យថា យកផ្ទះរបស់ក្រសួងនៅដោយចិត្តឯង តាមអំពើចិត្តរបស់ខ្លួនតែម្តង»។ នេះបើតាមលោក ហោ ណាំហុង។

លោក ហោ ណាំហុង បានបន្តទៀតថា រហូតដល់ឆ្នាំ២០១៥ បានមានលិខិតបញ្ជាក់កម្មសិទ្ធិឲ្យលោក គង់ គាំ។ លោកបានរំលឹកថា នៅឆ្នាំ១៩៩០ លោក គង់ គាំ បានធ្វើលិខិតទៅគណៈកម្មការប្រជាជនបដិវត្តន៍ នៅខណ្ឌចំការមន ដើម្បីសុំស្នាក់នៅផ្ទះនោះ ហើយលោកគ្រាន់តែត្រូវបានគណៈកម្មការអនុញ្ញាឲ្យស្នាក់នៅតែប៉ុណ្ណោះ មុនសុំសិទ្ធិជាម្ចាស់ នៅឆ្នាំ២០១៥។

លោក ហោ ណាំហុង បានបញ្ជាក់យ៉ាងដូច្នេះថា «សរុបសេចក្តីមក ផ្ទះនោះជាផ្ទះរបស់ក្រសួងការបរទេស។ មិនមានការអនុញ្ញាតផ្តល់ ពីរដ្ឋមន្ត្រីក្រសួងការបរទេស ដែលកាលនោះ សម្តេចតេជោ ហ៊ុន សែន ជារដ្ឋមន្ត្រីការបរទេស ហើយក៏មិនមានការអនុញ្ញាតពីខ្ញុំ ជាអនុរដ្ឋមន្ត្រីការបរទេស។ មុនពេលខ្ញុំទៅម៉ូស្គូ ក៏មិនបានធ្វើលិខិតប្រគល់ផ្ទះនោះឲ្យ គង់ គាំ ក៏អត់មានដែរ។ លោក គង់ គាំ យកផ្ទះនេះ របស់ក្រសួងការបរទេស ដោយអត់មានច្បាប់ទម្លាប់ទេ លួចធ្វើកម្មសិទ្ធិករខ្លួនឯងទេ»

លោក គង់ គាំ តែងតែផ្លាស់ប្តូរសមាជិកភាពគណបក្ស ដោយពីអ្នកធ្លាប់បម្រើគណបក្សប្រជាជនកម្ពុជា ទៅបម្រើគណបក្សប្រឆាំង។ ថ្មីៗនេះ ក្រោយលាលែងពីតំណែង ជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ដែលមានកូនប្រុសខ្លួនឈ្មោះ គង់ មុនីកា ជាប្រធាន លោកបានទៅធ្វើជាទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀន ខណៈលោក គង់ មុនីកា ក៏លាលែង ហើយក្លាយជាសមាជិកគណបក្សភ្លើងទៀនដែរ។

លោក ហោ ណាំហុង បានហៅលោក គង់ គាំ ជាអ្នកនយោបាយទុច្ចរិត។ លោកបានបញ្ជាក់ថា «(ការយកផ្ទះជាកម្មសិទ្ធិខ្លួន) នេះជាអំពើទុច្ចរិតមួយ របស់អ្នកដឹកនាំមួយ ដែលគេសន្មតថា ជាអ្នកដឹកនាំនយោបាយរបស់គណបក្សមួយផ្សេងទៀត។ មនុស្សនេះ ចេញពីបក្សមួយទៅបក្សមួយ លួចបន្លំយកផ្ទះរបស់ក្រសួងការបរទេស»

សូមជម្រាបថា នៅខែកញា​ ឆ្នាំ១៩៨០ លោក គង់ គាំ ទៅទីក្រុងហាណូយ ហើយនៅថ្ងៃទី១៣ ខែតុលា​ ឆ្នាំ១៩៨០​ បានជូនសារតាំង។ ក្នុងសម័យប្រជុំរដ្ឋសភា​លើកទី១២​ នីតិកាលទី១​ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៨៧​ លោក គង់ គាំ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស តាមក្រឹត្យលេខ៥៣.ក្រ​ ចុះថ្ងៃទី៣ ខែធ្នូ​ ឆ្នាំ១៩៨៦។

ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១៤​ នីតិកាលទី១​ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៨៨​ លោក គង់ គាំ ត្រូវបានផ្ទេរភារកិច្ចពីរដ្ឋមន្ត្រីក្រសួងការបរទេស មកជារដ្ឋមន្ត្រីជំនួយការប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីទទួលបន្ទុកតាមដានការងារសង្គមកិច្ច-វប្បធម៌ តាមក្រឹត្យលេខ៦៤.ក្រ​ ចុះថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ១៩៨៧។ ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ទទួលបន្ថែមជារដ្ឋមន្ត្រីក្រសួងការបរទេស។

ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១៦​ នីតិកាលទី១​ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៨៩​ លោក គង់ គាំ ត្រូវបានផ្ទេរភារកិច្ចពីរដ្ឋមន្ត្រីជំនួយការ ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីទទួលបន្ទុកតាមដានការងារសង្គមកិច្ច-វប្បធម៌​ ឲ្យមកទទួលជារដ្ឋមន្ត្រីក្រសួងត្រួតពិនិត្យ តាមក្រឹត្យលេខ៤២.ក្រ ចុះថ្ងៃទី២០ ខែសីហា​ ឆ្នាំ១៩៨៨។

សូមជម្រាបដែរថា ក្នុងបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានព្រមានចាត់វិធានការលើ លោក គង់ គាំ ដែលបានយកវេទិកានានា វាយប្រហារលើគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានប្តឹងយកផ្ទះរបស់ លោក គង់ គាំ ផងដែរ។ សម្តេចបានបញ្ជាក់ថា ផ្ទះនេះគឺជាអតីតទ្រព្យសម្បត្តិរបស់ក្រសួងការបរទេស ដែលអតីតកាល លោក គង់ គាំ ត្រឡប់ធ្វើអគ្គរដ្ឋទូតនៅទីក្រុងហាណូយវិញ បានដណ្តើមយកផ្ទះនោះ។ ទោះជាយ៉ាងណា សម្តេចអះអាងថា សម្តេចនៅតែយោគយល់ដោយសារតែលោក គង់ គាំ ធ្លាប់នៅជាមួយគ្នា៕