(កំពត)៖ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានថ្លែងថា «មន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាល ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបទឲ្យបានម៉ឺងម៉ាត់ ហើយទន់ភ្លន់ ឲ្យសមជាមន្រ្តីដែលបម្រើប្រជាពលរដ្ឋ» ហើយក្រៅពីការងារការពារ ថែរក្សាសន្តិសុខ នគរបាលប៉ុស្តិ៍ ត្រូវតែជំរុញការងារច្បាស់លាស់ ដើម្បីឲ្យដំណើរការធ្វើអត្តសញ្ញាណប័ណ្ណក៏ដូចជា ការផ្តល់សេវា សាធារណៈ នានាជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

ការថ្លែងបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផែនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ នាស្នងការដ្ឋាននគរបាលខេត្តកំពត។ ក្នុងនោះដែរនាយឧត្តមសេនីយ៍ បានបន្ថែមថា ការដែលមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលជំរុញការងារ ច្បាស់លាស់ វានាំឲ្យចំណេញពេលវេលា ហើយការបំពេញបែបបទជូនប្រជាពលរដ្ឋ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណក៏បានច្រើនដែរក៏ប៉ុន្ដែ កន្លងមក មន្រ្តីរបស់យើងមានភាព ឆកល្វែង នៃការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋភាគច្រើន ដូចជា ការយកក្រយៅដៃខុស ធ្វើអត្តសញ្ញាណប័ណ្ណស្ទួន ខុសទីកន្លែងស្នាក់នៅ ខុសភេទខុសថ្ងៃកំណើត ខុសអក្សរឡាតាំង និងបញ្ជូនទិន្នន័យយឺតយ៉ាវជាដើម ដែលបញ្ហានេះម៉ាស៊ីនព្រីនអត្តសញ្ញាណប័ណ្ណ មិនអាចធ្វើទៅបាននោះទេ។

លោកក៏បានបញ្ជាក់ទៀតថា សម្រាប់ភាពយឺតយ៉ាវ ភាពខកខាន ការមិនស្វះស្វែងរបស់ប្រជាពលរដ្ឋក្នុងការមកធ្វើអត្តសញ្ញាណប័ណ្ណនេះ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល គឺត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យបានជ្រាបច្បាស់ថា ថ្ងៃណាពេលណាមន្រ្តីចុះធ្វើ អត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួល និងត្រៀមឯកសារបានគ្រប់គ្រាន់។

ជាងនេះទៅទៀតលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ផែនការដែលត្រូវផ្ដល់ អត្តសញ្ញាណប័ណ្ណគំរូថ្មីជូន ប្រជាពលរដ្ឋចំនួន ៤៩៨០៥៨នាក់ ក្នុងនោះបំពេញបែបបទរួចចំនួន៤២០៨៨៩នាក់ នៅសល់ដែលត្រូវផ្ដល់បន្ត ចំនួន៧៧៨៨៩នាក់ ចែកជូនប្រជាពលរដ្ឋប្រើប្រាស់បានចំនួន៤០៦៩៩៤សន្លឹក ហើយទិន្នន័យស្ទួនក្រយ៉ៅដៃដែលថតលើសពី១ដង ឡើងចំនួន៨៣៦០នាក់ ក្នុងនោះសំណើសុំបោះពុម្ពឡើងវិញ ចំនួន១៤៦៨នាក់៕