(កំពង់ឆ្នាំង)៖ របាំគងស្គរ ជារបាំប្រពៃណីបុរាណមួយ បានកើតមានឡើងតាំងពីបុរាណកាលមក ដែលមានដើមកំណើតក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយត្រូវបានអ្នកស្រុកនៅតំបន់នោះ បន្តអភិរក្សថែរក្សាមកដល់សព្វថ្ងៃ ដើម្បីថែរក្សាមរតកមនុស្សរស់ ដែលមានតាំងពីបុរាណឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

នេះបើតាមការបញ្ជាក់ពីលោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ក្នុងពេលដែលរបាំនេះ ត្រូវបានសម្តែងក្នុងពិធីបុណ្យរដូវរំហើយ ដែលប្រព្រឹត្តឡើងក្នុងឃុំពោធិ៍ ស្រុកកំពង់លែង នាពេលថ្មីៗកន្លងទៅនេះ។

លោក សុខ ធួក បានបន្តថា បាំគងស្គរ ក៏ត្រូវបានក្រសួងយកចិត្តទុកដាក់បញ្ចូលជាសម្បត្តិវប្បធម៌មរតកមនុស្សរស់ ផងដែរ។ របាំនេះ ក៏ត្រូវបានអ្នកភូមិឯលិច ឃុំច្រណូកយកទៅសម្ដែងជារៀងរាល់ឆ្នាំ នៅក្នុងថ្ងៃ១៤និង១៥ កើតខែផល្គុន ក្នុងពិធីបុណ្យឡើងភ្នំពណ្ណរាយ សម្រាប់ឧទ្ទិសថ្វាយដល់ទស្សបាមី បុព្វបុរស ដែលបានកសាងប្រាសាទ ពណ្ណរាយ នៅលើកំពូលភ្នំ។

ចំពោះការសម្តែងរបស់ក្រុមរបាំអ្នកភូមិឯលិច ក្នុងពិធីបុណ្យរដូវរំហើយ នៅឃុំពោធិ៍ ស្រុកកំពង់លែង កាលពីពេលកន្លងទៅ ថ្វីបើមិនត្រឹមត្រូវល្អឥតខ្ចោះក្តីក៏លោកប្រធានមន្ទីរកោតសរសើរ ដល់ប្រជាពលរដ្ឋ ដែលបានខិតខំថែរក្សាប្រពៃណីវប្បធម៌ ដ៏ផូផង់របស់បុព្វបុរសខ្មែរយើង។ ចំណែកខាងមន្ទីរវប្បធម៌ បានខិតខំកែទម្រង់របាំក្នុងការសម្តែងខ្លះ ដើម្បីឱ្យស្របតាមលក្ខណៈតាមទម្រង់ដើម។

ជាក់ស្តែងកាលពីអំឡុងខែតុលា ឆ្នាំ២០២២ មុននឹងយកទៅដាក់ឱ្យសម្តែងបុណ្យរដូវរំហើយថ្មីៗនេះ គ្រួនិងមន្ត្រីនៃមន្ទីរវប្បធម៌ បានចុះទៅបង្ហាត់បង្ហាញដល់ក្រុមអ្នកសម្តែងទាំងនោះរួចហើយ ទើបការសម្តែងក្នុងបុណ្យរដូវរំហើយនេះបានប្រសើរខ្លះដែរ។

ដោយឡែក លោក ស ប៊ុនអួន មានទីលំនៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ដែលជាគ្រូនិងជាអ្នកគ្រប់គ្រងរបាំគងស្គរ របស់អ្នកភូមិឯលិច ក៏បានឲ្យដឹងថា លោកបានចេះចាំ និងគ្រប់គ្រងឧបករណ៍ របាំគងស្គរ បន្តពីឪពុក និងជីតារបស់លោក បន្តគ្នារហូតមក។ របាំនេះ ត្រូវបានអ្នកភូមិឯលិច យកសម្តែងថ្វាយបារមី ប្រាសាទពណ្ណរាយ លើភ្នំពណ្ណរាយ ជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យឡើងភ្នំ ដែលរៀបចំរយៈពេល ២យប់៣ថ្ងៃ ដោយមានអ្នកមកចូលរួមប្រារពពិធី ជាច្រើនរយនាក់់់។

លោក ស ប៊ុនអួន ក៏បានបញ្ជាក់ដែរថា អ្នកសម្តែងរបាំនេះ ភាគច្រើនជាមនុស្សចាស់ ប៉ុន្តែបច្ចុប្បន្ន ត្រូវមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ឱ្យពួកគាត់ឆ្លៀតពេលបង្ហាត់ដល់ក្មេងៗជំនាន់ក្រោយបន្តទៀត ហើយពួកគាត់ខ្លះជាអ្នករាំ ខ្លះរបជាគ្រួ ក៏បានប្តេជ្ញាថា នឹងជួយបង្រៀនដល់ក្មេងជំនាន់ក្រោយ ឱ្យបានចេះចាំសម្រាប់បន្តវេន ដើម្បីកុំឱ្យរបាំគងស្គរ មួយនេះបាត់បង់ផងដែរ៕