(ជប៉ុន)៖ លោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារកសាងនឹងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន អមដំណើរដោយលោក ហេង សួរ ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) និងលោក ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីល្ងាចថ្ងៃសៅរ៍ទី៧ ខែមករា ឆ្នាំ២០២៣ បានចូលរួមជាអធិបតីក្នុងពិធីពិសារអាហារសាមគ្គីជាមួយបងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី និងពលករជំនាញខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនប្រមាណជាង២០០នាក់។

ក្រៅពីនោះ នៅតាមខេត្តដទៃទៀតនៅក្នុងប្រទេសជប៉ុនក៏មានរៀបចំពិធីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ៧មករានេះផងដែរ ដោយមានការចូលរួមពីសំណាក់បងប្អូនសហគមន៍ខ្មែរតាមតំបន់នីមួយៗយ៉ាងផុសផុល និងប្រកបដោយស្មារតីភាតរភាពផងដែរ តាមទីតាំងសហគមន៍រៀងៗខ្លួន ដើម្បីជាការរំលឹកគុណដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ជាក់ស្តែង នៅក្នុងខេត្តអ៊ិប៉ារ៉ាគិកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោក សុខ ចំណាន ប្រធានតំបន់អ៊ិប៉ារ៉ាគិ បានរៀបចំមីទ្ទីញអបអរសាទរដោយមានសមាសភាពចូលរួមចំនួន ជាង៤០នាក់ រីឯខេត្តកាហ្គាវ៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ក៏បានរៀបចំពិធីអបអរសាទរ និងមានសមាជិកបក្សចូលរួមចំនួន ជិត ៣០នាក់ ក្រោមអធិបតីភាព លោក ឈិត រិទ្ធី សមាជិកសាខាបក្សប្រចាំតំបន់កាហ្គាវ៉ាផងដែរ។

ក្នុងនោះដែរ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក អ៊ឹម ឡាវីន ប្រធានតំបន់កាក់សៃ ក៏បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា ដោយមានសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងតំបន់ខាងលើចូលរួមចំនួនជាង ៤០នាក់ផងដែរ៕