(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានបន្តយុទ្ធនាការតម្លើងម៉ាស៊ីនបូមទឹក ដើម្បីផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ ក្រោយការបាក់ទំនប់ទី២ នៃអាងស្តុកទឹករបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ (តំបន់ក្បាលឆាយ)។

លោក គួច ចំរើន បានឲ្យដឹងថា ការតម្លើងម៉ាស៊ីនបូមទឹក គឺដើម្បីយកទឹកទៅស្ថានីយ៍ទី៣ ដើម្បីចម្រោះជាទឹកស្អាត។ ឥឡូវនេះ កំពុងដំណើរការម៉ាស៊ីនបូមទឹក បានចំនួន ១៦,០០០ម៉ែត្រគូប ហើយអាជ្ញាធរខេត្តប្រឹងប្រែងតម្លើងម៉ាស៊ីនបូមទឹកឲ្យបាន ១៦,០០០ ម៉ែត្រគូបទៀត ឲ្យដល់គោលដៅ ខណៈការផ្គត់ផ្គង់ទឹកប្រចាំថ្ងៃ៨០,០០០ម៉ែត្រគូប ហើយរាល់ថ្ងៃសម្រាប់ម៉ាស៊ីនដែលបានដំណើរស្រាប់ គឺបានផ្គត់ផ្គង់ទឹកចំនួន៦ម៉ឺនម៉ែត្រគូបស្រាប់។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ លោក ឡុង​ ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដែលទទួលការងារចុះអន្តរាគមន៍ការងារនេះ បានបញ្ជាក់ថា ក្រោមការខិតខំរួមគ្នារបស់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងរយៈពេល២ថ្ងៃ ៣យប់មកនេះ យើងអាចគ្រប់គ្រងស្ថានភាពនៅទំនប់ទឹកក្បាលឆាយបានទាំងស្រុង ហើយការផ្គត់ផ្គង់ទឹកស្អាតនឹងបានគ្រប់គ្រាន់ឡើងវិញនៅត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

លោកបានបន្តថា ក្រុមការងារបានដាក់វិធានការអនុវត្តបន្តក្នុងកិច្ចការងារសង្គ្រោះទំនប់ទឹកក្បាលឆាយ និងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋក្នុងក្រុងព្រះសីហនុ រួមមាន៖

ទី១៖ ក្រុមការងារបានជួសជុលទំនប់ស្ទាក់ទឹកទី៣ ដែលបានខូចខាតប្រមាណ ៣០០ម៉ែត្រ រួចរាល់ស្ទើរតែទាំងស្រុងនៅត្រឹមយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣
ទី២៖ ក្រុមការងារ បាននិងកំពុងជួសជុលទំនប់ស្ទាក់ទឹកទី២ (ដែលត្រូវបានទឹកហូរច្រោះដាច់) ដោយគ្រោងបិទផ្ជិតឡើងវិញ នៅត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣
ទី៣៖ ក្រុមការងារ បាននិងកំពុងរៀបចំស្ថានីយបូមទឹកឆៅបណ្តោះអាសន្ន យកទឹកពីទំនប់ស្ទាក់ទឹកទី៣ សម្រាប់ដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី៣ ឡើងវិញ ក្នុងនោះម៉ូទ័របូមទឹកទីមួយ សមត្ថភាពប្រមាណ ១៦ ៨០០ ម៣/ថ្ងៃ បាននិងកំពុងដំណើរការនៅម៉ោងប្រមាណ ២០:០០យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី៣ ចាប់ផ្តើមដំណើរការផលិត និងផ្គត់ផ្គង់ទឹកស្អាតឡើងវិញបណ្តើរៗ ហើយសមត្ថភាពផលិតនេះនឹងកើនឡើងទេ្វរដងដល់ ៣៣ ៦០០ ម៣/ថ្ងៃ នៅត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដែលនឹងធានាបាននូវបរិមាណទឹកស្អាតគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់
ទី៤៖ ក្រុមការងារ បានរៀបចំប្រព័ន្ធបណ្តាញអគ្គិសនីដែលខូចខាតឡើងវិញ ដែលការងារនេះបានបញ្ចប់ជាស្ថាពរនៅត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣
ទី៥៖ ក្រុមការងារកំពុងធ្វើការជួសជុលស្ថានីយបូមទឹកឆៅ យកទឹកពីទំនប់ស្ទាក់ទឹកទី២ ឡើងវិញ ដែលអាចនឹងបញ្ចប់ក្នុងរយៈពេលពី ៣ ទៅ ៤ សប្តាហ៍
ទី៦៖ បន្តរៀបចំស្ថានីយបូមទឹកឆៅបំរុងបន្ថែម ដែលយកទឹកពីទំនប់ស្ទាក់ទឹកទី១ សម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់ ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតនាពេលអនាគត។

គួរជម្រាបថា កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក ស៊ឹម ស៊ីថា​ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក គួច ចំរើន អភិបាលខេត្ត បានបន្តដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ដើម្បីដឹកនាំបញ្ជាការងារនេះកាន់តែលឿន និងមានប្រសិទ្ធភាព អាងបានបូមទឹកយកទៅផ្តត់ផ្គង់ទៅកាន់ស្ថានីយទី៣ បន្តចម្រោះទឹកស្អាតចែកចាយជូនប្រជាពលរដ្ឋនៅក្រុងព្រះសីហនុឡើងវិញ។

ហេតុការណ៍នៃការបាក់ទំបន់ទី២នេះ បានកើតឡើងនៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បណ្ដាលឱ្យប៉ះពាល់ដល់ម៉ាស៉ីនបូមទឹក តែបញ្ហានេះមិនបណ្ដាលឲ្យប៉ះពាល់សុវត្ថិភាពប្រជាជននោះឡើយ គ្រាន់តែខកខាននូវការផ្គត់ផ្គង់ទឹកប្រហែលពាក់កណ្ដាលនៅក្រុងព្រះសីហនុ និងផ្នែកខ្លះនៃស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។

យោងតាមមន្ត្រីរដ្ឋាករទឹកខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនេះ គឺក្រុមហ៊ុនអានកូ វតធើ ស័បផ្លាយ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ និងមួយផ្នែកនៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ក្នុងបរិមាណពី៧៤០០០ទៅ៨០០០០ម៉ែត្រគូប។ ការផលិតទឹកស្អាតនេះគឺនៅសង្កាត់ក្បាលឆាយ សង្កាត់១ ក្រុងព្រះសីហនុ។ ការផលិតមានស្ថានីយចំនួន៣៕