(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងអង្គមីទ្ទិញអបអរសាទរខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា នៅសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ពិធីនេះក៏មានការចូលរួមពី លោក លី សុន ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ក្រុមការងារចុះជួយស្រុក ឃុំ និងសមាជិក សមាជិកានៃអង្គមីទ្ទិញសរុបប្រមាណ ៦៩៩នាក់។

នាឱកាសនេះ លោក ហ៊ុន ម៉ានី បានថ្លែងថា ក្រុងឧដុង្គម៉ែជ័យ (ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ) គឺជាកន្លែងដែលបានហ្វឹកហាត់របៀបរបបធ្វើការងាររបស់លោក និងក្រុមការងារអស់កាលជាង ១០ឆ្នាំមកហើយ។ ចំណុចមួយជាពិសេសក្នុងចំណោមរបៀបរបបការងារជាច្រើនទៀតនោះគឺ ភាពស៊ីសង្វាក់គ្នានៃការងារ រវាងថ្នាក់ដឹកនាំដែលមានគម្លាតអាយុ និងគម្លាតវ័យផ្សេងគ្នា។

លោកបានបន្តថា ទោះបីជាមានវ័យខុសគ្នាយ៉ាងណា តែភាពហ្មត់ចត់ ភាពទន់ភ្លន់ ការគោរពគ្នាទៅវិញទៅមក ក្នុងការទាក់ទង ការហ្វឹកហាត់ការងារ នៅតែមាន ដែលនេះនាំឲ្យយើងទទួលបានលទ្ធផលការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ លោកបានរំលេចបន្ថែមថា មកទល់ពេលនេះ ក្រុមការងារបានរៀនសូត្រ និងទទួលបានបទពិសោធន៍ដឹកនាំការងារជាច្រើន ចេញពីកិច្ចការងារមូលដ្ឋាន។

សូមជម្រាបជូនថា អង្គមីទ្ទិញនេះត្រូវបានប្រារព្ធឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណនូបការៈដ៏ថ្លៃថ្លាបំផុត របស់វីរៈយុទ្ធជន យុទ្ធនារី នៃរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយដែលបានបូជាសាច់ស្រស់ ឈាមស្រស់រហូតពលីអាយុជីវិតក្នុងការប្រយុទ្ធ និងផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរណ្ដៅរមណៈនៃរបបសាហាវមួយនេះ៕