(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាស្ដីពីការចែករំលែកបទពិសោធនៃការកែច្នៃផលិតផលក្រោយពីទទួលបានការបណ្ដុះបណ្ដាលពីដៃគូរនៅប្រទេសបារាំង ព្រមទាំងមានការដាក់តាំងនូវផលិតផលដែលជាស្នាដៃនិស្សិតជំនាញកែច្នៃអាហារ នៃមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ។

សិក្ខាសាលានេះរៀបចំឡើងនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមវត្តមានលោក ទេព នាវា សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សុខ ឃន សាកល-វិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានសិក្ខាកាមចូលរួមសរុបចំនួន៦៦នាក់ ដែលជាមន្ត្រី សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងម្ចាស់អាជីវកម្ម ម្ចាស់សហគ្រាស និងម្ចាស់ក្រុមហ៊ុនជាដៃគូរ ដែលបម្រើលើវិស័យកសិកម្ម និងកែច្នៃអាហារផងដែរ។

បន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលនៅប្រទេសបារាំង ក្រោមគម្រោង FoodSTEM រួចមក លោក រៀន រដ្ឋា បានធ្វើការចែករំលែកពីបទពិសោធដែលទទួលបានពីវគ្គបណ្តុះបណ្តាល ព្រមទាំងធ្វើការ ប្រមូលធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ អ្នកជំនាញ ម្ចាស់ក្រុមហ៊ុន សហគ្រាសដែលបម្រើលើវិសយកសិកម្ម និងកែច្នៃអាហារ លើផលិតផលដែលជាស្នាដៃរបស់ក្រុមនិស្សិតជំនាញកែច្នៃអាហារផងដែរ។