(កំពង់ចាម)៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានថ្លែងនូវការកោតសរសើរ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យកម្ពុជា មានកំណើនសេដ្ឋកិច្ចល្អប្រសើរ ដោយយកឈ្នះលើជំងឺឆ្លងកូវីដ១៩ បានលឿនរហ័ស ជាពិសេសបានលើកកិត្តិមានរបស់កម្ពុជា ឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ។

ការថ្លែងរបស់លោកឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ធ្វើឡើងក្នុងឱកាសចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីកកំណាត់ផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

លោក វ៉ាង វិនធៀន បានថ្លែងថា តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាទទួលបានសន្តិភាព ​ប្រកបដោយនិរន្តភាព ហើយកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស ប្រជាជនរស់នៅ និងធ្វើការដោយសន្តិភាព និងស្កប់ស្គាល់។

លោកបន្តថា ថ្មីៗកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើមពិភពលោក» នេះមិនត្រឹមតែជាការកោតសរសើរ ដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះទេ ថែមទាំងការវាយតម្លៃយ៉ាងខ្ពស់ ចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលកាន់អំណាចដោយគណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលរបស់ប្រជាជនកម្ពុជា ក្នុងការកសាងប្រទេសរបស់ខ្លួន។

ពាក់ព័ន្ធវិស័យសេដ្ឋកិច្ចវិញ លោក វ៉ាង វិនធៀន បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាទទួលបានផលប្រយោជន៍ច្រើន ពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយសេដ្ឋកិច្ចកម្ពុជា រក្សាបាននូវអត្រាកំណើនខ្ពស់ ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ទោះបីជារងផលប៉ះពាល់ពីជំងឺកូវីដ១៩ក៏ដោយ អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងថានឹងឈានដល់ ៥.៥ភាគរយ ក្នុងឆ្នាំ២០២២ ដែលជាប់ចំណាត់ថ្នាក់មុខគេ លើពិភពលោក អាចព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចឈានដល់ដំណាក់កាលថ្មី នៃការអភិវឌ្ឍយ៉ាងឆាប់រហ័សបន្ទាប់ពីជំងឺរាតត្បាត។

សម្រាប់ការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ លោក វ៉ាង វិនធៀន លើកឡើងដែរថា ជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ អាស្រ័យដោយការដាក់ចេញ នូវគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះគឺការចាក់វ៉ាក់សាំងមុនគេ អត្រាចាក់វ៉ាក់សាំង​ខ្ពស់បំផុត នៅលើពិភពលោក ការគ្រប់គ្រងការរីករាលដាល់ជំងឺរាតត្បាតបានលឿនបំផុត ដែលសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចមុនគេ។ ប្រទេសកម្ពុជា ជាប្រទេសដែលទទួលស្គាល់ថាល្អជាងគេ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយលទ្ធផលនេះ ទទួលបានការវាយតម្លៃខ្ពស់ ពីប្រទេសនានាលើពិភពលោក។

លោកឯកអគ្គរដ្ឋទូតបានរំលេចឲ្យដឹងទៀតថា ការងារការបរទេស កម្ពុជាទទួលបានផលពីគោលនយោបាយឯករាជ្យ ប្រកបដោយសន្តិភាព របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កិត្យានុភាពរបស់កម្ពុជា បានកើនឡើងជាបន្តបន្ទាប់។ នៅឆ្នាំ២០២២ ចំពោះមុខនឹងស្ថានភាពដ៏ស្មុគស្មាញតំបន់ និងអន្តរជាតិ ប្រទេសកម្ពុជា បានបំពេញតួនាទីរបស់ខ្លួន ជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សហគមន៍អន្តរជាតិ បានកោតសរសេរជាទូទៅថា នេះជាកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការអាស៊ី បូព៌ាដែលទទួលបានជោគជ័យបំផុតក្នុងរយៈពេល១០ឆ្នាកន្លងមកនេះ។

លោកបន្តថា «រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាពជាមួយប្រទេសចិន គឺស្របតាមផលប្រយោជន៍ ជាមូលដ្ឋានរបស់ប្រទេស និងប្រជាជនទាំង២។ ជាច្រើនឆ្នាំកម្លងមក ប្រទេសចិន បានជួយកម្ពុជាក្នុងការ សាងសង់ស្ថានីយវារីអគ្គិសនី រោងចក្រអគ្គិសនី ផ្លូវថ្នល់ ស្ពាន និងមន្ទីរពេទ្យ ដែលបានធ្វើឲ្យប្រជាជនកម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងពិតប្រាកដនៃចំណងមិត្តភាពចិន និងកម្ពុជា។ ការដែលចិនធ្វើដូច្នេះ គឺជាការទទួលផលសម្រាប់គោលនយោបាយ គណបក្សប្រជាជនកម្ពុជា ដែលមានមិត្តភាពជាមួយប្រទេសចិន»។

លោក វ៉ាង វិនធៀន ក៏បានថ្លែងអំពាវនាវដល់ប្រជាជនកម្ពុជា ត្រូវតែអរគុណសន្តិភាព និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ លោកលើកឡើងថា ជនជាតិចិនតែងតែនិយាយថា ស្ថិរភាពគឺសំខាន់ជាងអ្វីទាំងអស់ ហើយការអភិវឌ្ឍគឺជាហេតុផល ដ៏រឹងមាំមួយ បើគ្មានសន្តិភាព ក៏គ្មានស្ថិរភាព បើគ្មានស្ថិរភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានការអភិវឌ្ឍ ក៏គ្មានជីវភាពរស់នៅល្អផងដែរ។

ក្នុងនាមមិត្តភក្តិរបស់កម្ពុជា លោកឯកអគ្គរដ្ឋទូត សូមជូនពរដោយស្មោះដល់កម្ពុជា ឲ្យមានស្ថិរភាពក្នុងសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាព ប្រកបដោយនិរន្តភាព និងការរីកចម្រើន៕