(ភ្នំពេញ)៖ ដំណឹងល្អសម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដែលកំពុងស្វែងរកកាសិក្សាលើមុខជំនាញដែលកំពុងមានទីផ្សារក្នុងប្រទេសកម្ពុជា អាចដាក់ពាក្យចូលរួមប្រឡងប្រកួតប្រជែង ដើម្បីមានឱកាសក្លាយជានិស្សិតឆ្នើម ទទួលបានអាហារូបករណ៍ ១០០% សិក្សាដោយឥតបង់ថ្លៃ រយៈពេល ៤ ទៅ ៥ឆ្នាំ ទៅតាមជំនាញនីមួយៗ ពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។

នៅក្នុងសេចក្តីជូនដំណឹងរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា វិទ្យាស្ថានកំពុងបើកឱកាសឱ្យសិស្សានុសិស្ស និងសាធារណជនទូទៅដែលកំពុងស្វែងរកអាហារូបករណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ ដោយបច្ចុប្បន្ននេះវិទ្យាស្ថានបានបើកដំណើរការនៃការដាក់ពាក្យជ្រើសរើសនិស្សិតជំនាន់ទី៣ ឆ្នាំសិក្សា២០២២-២០២៣ ដែលមានការជ្រើសនិស្សិតសរុបដើម្បីចូលសិក្សាចំនួន ២០០នាក់។

ក្នុងចំណោម២០០នាក់ ដែលប្រឡងប្រកួតប្រជែងចូលសិក្សាក្នុងវិទ្យាស្ថាន នឹងមានចំនួនបេក្ខជន ៥០នាក់ ដែលប្រឡងជាប់បានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានអាហារូបករណ៍ ១០០% សិក្សាដោយឥតបង់ថ្លៃរយៈពេល ៤ ទៅ ៥ឆ្នាំ ទៅតាមជំនាញនីមួយៗ។ សម្រាប់ឱកាសផ្សេងមួយទៀត គឺវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តស្ត្រីជាអាទិភាព ដោយផ្តល់អាហារូបករណ៍ ៥០% សម្រាប់បេក្ខជនជាស្ត្រីដែលបានប្រឡងជាប់ក្នុងចំណោម២០០នាក់ នោះផងដែរ។

នៅក្នុងសេចក្តីជូនដំណឹងនេះ បានឱ្យដឹងទៀតថា ដើម្បីអាចដាក់ពាក្យប្រឡងយកអាហារូបករណ៍ និងអាចចូលរៀននៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបាន មានជម្រើស២ (ទី១) អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ ដោយចូលទៅកាន់តំណរភ្ជាប់នេះ៖ https://exam.tsipwt.edu.kh ដើម្បីធ្វើការចុះឈ្មោះបង្កើតគណនី និងត្រូវបំពេញតាមការណែនាំរបស់ប្រព័ន្ធប្រឡង។ (ទី២) អាចមកដាក់ពាក្យផ្ទាល់នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងស្ថិតនៅ (ផ្លូវ៥៩៨ ផ្លូវឯកឧត្តម ជា សុផារ៉ា សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរស័ព្ទ 098 210 221 / 078 210 121។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលកំពុងបណ្តុះបណ្តាលនិស្សិតលើជំនាញចំនួន ០៦ រួមមាន៖ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ, ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក, ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា៕