(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានទទួលជួប សវនាការ និងសម្ដែងការគួរសម ពីប្រធានបេសកកម្ម គណៈកម្មាធិការអន្ដរជាតិ កាកបាទក្រហម (ICRC) លោក បាត វើបៃរែន ដែលប្រព្រឹត្ដទៅនៅការិយាល័យ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នាទីស្នាក់ការកណ្តាលកាកបាទក្រហម។

ក្នុងជំនួបសវនាការនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងថា កាកបាទក្រហម ពិតជាអរគុណណាស់ដល់ ICRC ដែរតែងតែជួយតម្រង់ទិស និង​ផ្ដល់នូវការជួយរាល់សកម្មភាពមនុស្សធម៌កន្លងមក ដូច្នេះយើងខ្ញុំទាំងអស់​គ្នាសង្ឃឹមយ៉ាងមុតមាំថា ICRC នឹងបន្ដជួយទៅមុខបន្ថែមទៀត ដល់កាកបាទក្រហម ដើម្បីបន្ដសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ថ្លែងបន្ដថា «ក្នុងមួយរយៈពេលនេះ ប្រជាពលរដ្ឋកម្ពុជានៅតាមបណ្ដាខេត្ដ បានរងនូវខ្យល់កន្ដ្រាក់ ដោយគ្រោះមហន្តរាយធម្មជាតិ បន្ទាប់ពីគ្រោះរាំងស្ងួតកន្លងមកនេះ ដែលបណ្ដាលឲ្យមានការខាតបង់ទ្រព្យសម្បត្ដិ និងផ្ទះសម្បែងមួយចំនួន និងបញ្ហាផ្សេងៗជាច្រើនទៀត ដូច្នេះកាកបាទក្រហម ក៏បានចាត់ថ្នាក់ដឹកនាំកាកបាទក្រហម ចុះទៅត្រួតពិនិត្យ និងផ្ដល់ជំនួយដល់ បងប្អូនប្រជាពលរដ្ឋភ្លាមៗ ពិសេសទៅទៀតកាកបាទក្រហម ក៏បានថវិកាសប្បុរសធម៌ជាតិ-អន្ដរជាតិ ពីគ្រប់ទិសទី យកមកប្រើប្រាស់ឲ្យមានតម្លាភាព ជួយដល់ ប្រជាជនដែលងាយរងគ្រោះ នៅតាមបណ្ដាខេត្ដ ក្រៅពីនោះ យើងក៏បាន ជីកអណ្ដូងទឹក ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្រាន់ និងជួយដលជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ ក្មេងកំព្រារ និងបញ្ហាជាច្រើនទៀតផងដែរ ដែលកាកបាទក្រហម បាននឹងកំពុងបន្ដជួយគ្រប់ពេលវេលា គ្រប់ទីកន្លែង»

ទន្ទឹមនឹងនោះ លោក បាត វើបៃរែន បានថ្លែងផងដែរថា «ខ្ញុំពិតជាកោតសរសើរដល់សកម្មភាពមនុស្សធម៌ របស់កាក​បាទក្រហម ដែលដឹកនាំដោយសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគោរពស្រលាញ់ យល់ទុក្ខធុរៈ គ្រប់គា្រមានអាសន្នទាំងអស់ ដែលប្រជាពលរដ្ឋរបស់ខ្លួនជួបប្រទះ បានចុះទៅអន្ដរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា ដែលធ្វើឲ្យស្ថាប័នមនុស្សធម៌ដ៏ធំមួយនេះ មានការរីកចម្រើនលូតលាស់ទៅមុខជានិច្ច ជាក់ស្ដែង សកម្មភាពមនុស្សធម៌ កន្លងមកនេះ ក៏មានការចូលរួមពី សប្បុរសធម៌ជាតិ និងអន្ដរជាតិ ការគាំទ្រផងដែរ»