(ឥណ្ឌូនេស៊ី)៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបើកប្រជុំគណៈរដ្ឋមន្ត្រី​របស់ខ្លួននៅលើ​នាវាចម្បាំង​មួយ ក្នុងដំណើរទស្សនកិច្ចទៅកាន់កោះ Natuna ភាគខាងត្បួងនៃសមុទ្រចិនខាងត្បួង។ នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Widodo បានអះអាងថា កន្លែងដែលលោកកំពុងឈរនេះគឺជា ដែនអធិបតេយ្យភាពក្នុងតំបន់សមុទ្រភាគខាងត្បួង ដែលការអះអាងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី​រដ្ឋាភិបាល​ចិន អះអាងថា ការទាមទាររបស់ឥណ្ឌូនេស៊ី ដូចជាលើសហើយ។

មន្ត្រីធំៗដែលអមដំណើររបស់លោក Widodo មានដូចជា​ រដ្ឋមន្ត្រីក្រសួងសន្តិសុខ, រដ្ឋមន្ត្រីការបរទេស និង​​មេបញ្ជាការយោធាឥណ្ឌូនេស៊ី។ ក្នុងដំណើរទស្សនកិច្ចនោះ លោកប្រធានាធិបតី បានបើកកិច្ចប្រជុំមួយនៅលើ​នាវាចម្បាំង ដោយលើកយកបញ្ហាសមុទ្រចិនខាងត្បួងមកធ្វើជាប្រធានបទ និងបញ្ជាឲ្យកងទ័ពយាមល្បាត​នៅ​កន្លែងតំបន់មានជម្លោះឲ្យបង្កើនការប្រុងប្រយ័ត្ន។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងធ្វើការវិនិយោគ​​នៅលើកោះ Natuna ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ច ព្រោះវាជាតំបន់កោះមួយស្ថិតនៅជាប់ព្រំដែន៕