(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី ឡោក ខេង តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា រួមនឹង ក្រុមការងារជាច្រើននាក់ទៀត បានចូលរួម នៅក្នុងយុទ្ធនាការណ៍ពណ៌ទឹកក្រូចដំបូងគេ នៅក្នុងសាលារៀន និងមហាវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ នៅខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ។

យុទ្ធនាការណ៍ពណ៌ទឹកក្រូចដំបូងគេ នៅក្នុងសាលារៀន និង មហាវិទ្យាល័យនៅ រាជធានីភ្នំពេញ ធ្វើឡើង ក្នុងគោលបំណង ដើម្បីលុបបំបាត់ អំពើហិង្សាលើស្រ្តី មកធ្វើជាចំណាប់អារម្មណ៍ដល់អ្នកមានឥទ្ធិពល សំខាន់ៗ ជាពិសេសក្រុមបុរស  និងក្មេងប្រុស។

គួរបញ្ជាក់ថា យុទ្ធនាការណ៍ខាងលើនេះ រៀបចំដោយ សមាគមន៍អភិវឌ្ឍន៍សុខភាពប្រជាជន និងជាតំណាង UNITE ប្រចាំនៅកម្ពុជា។

 យុទ្ធនាការណ៍នេះ ត្រូវបានរៀបចំចាប់តាំងពីឆ្នាំ ២០១៣ ជាមួយសិស្សានុសិស្ស និស្សិត និងមិត្តអប់រំមិត្ត ដែលពួកគាត់ បានដើរជាគំរូ ក្នុងការលើកទឹកចិត្តមិត្តភក្តិរបស់ពួកគេ ឲ្យចូលរួមការពារស្រ្តី ដោយក្តីគោរព។

នាពេលបច្ចុប្បន្ននេះ សមាគមមួយនេះ រៀបចំផែនការ ក្នុងការដឹកនាំយុទ្ធនាការនៅលើដងផ្លូវ ជាមួយនឹងការផ្សារភ្ជាប់ការចូលរួមគាំទ្រ របស់រាជរដ្ឋាភិបាលលើការងាររបស់ពួកគេ។

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន បានប្រកាសម្ពោធយុទ្ធនាការណ៍ ពណ៌ទឹកក្រូចផ្លូវការ នៅ ខណ្ឌពោធិ៍សែនជ័យ ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្នុងការឆ្លើយតបលើអំពើហិង្សាលើស្រ្តី និងក្មេងស្រី៕