(ភ្នំពេញ)៖​ រយៈពេលមិនដល់១០នាទីផង មានគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា​ បានកើតឡើង ដោយទី១ បើករថយន្ដបុកដើមឈើ​ និងទី២រវល់ប្រលែងជាមួយស្រីស្នេហ៍ បើករថយន្ដបុករបាំងចែកទ្រូងផ្លូវ។ ហេតុការណ៍ទាំង២នេះ កើតឡើងនៅយប់ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០១៦នេះ។

ករណីទី១៖​ បុរសម្នាក់បើករថយន្ដដេញចោរឆក់ទូរស័ព្ទរបស់ខ្លួនលឿនពេក​ ស្រាប់តែមកដល់ផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកខឿនសួនច្បារ​ និងស្លាកសញ្ញាលេខផ្លូវ​ ព្រមទាំងដើមឈើអស់មួយដើមផងដែរ​ សំណាងល្អមិនអ្នករងគ្រោះថ្នាក់នោះទេ។ បើសំដីរបស់អ្នកបើកបរបានឱ្យដឹងថា​ មុនពេលកើតហេតុខ្លួន បើករថយន្ដម៉ាក Sinna​ ពាក់ស្លាកលេខភ្នំពេញ 2E-4062​ តាមបណ្ដោយផ្លូវលេខ៦១​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ក៏បានឈប់ទិញទឹក​ស្រាប់មានចោរមួយក្រុម បានឆប់ទូរស័ព្ទរបស់ខ្លួន​ ក្រោយមកខ្លួនក៏បានដេញចាប់ តែដោយសារបើកលឿនពេក ក៏បានជ្រុលទៅបុកខឿនសួនច្បារ​ និងស្លាកសញ្ញាលេខផ្លូវ​ ព្រមទាំងដើមឈើតែម្ដ​ង​ ខណៈដែលរថយន្ដខ្ទេចមួយកំណាត់មុខ។

ករណីទី២៖​ បុរសម្នាក់បើករថយន្ដរវល់តែប្រលែងលេង ជាមួយស្រីស្នេហ៍​ ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវអស់មួយកង់។ ហេតុការណ៍នេះ​កើតឡើង តាមបណ្ដោយផ្លូវម៉ៅសេទុង​ ស្ថិតក្នុងខណ្ឌទន្លេបាសាក់​ ខណ្ឌចំការមន។ តាមព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់​បើករថយន្ដ Luxes ​មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ2AC-3221​ ក្នុងទិសដៅពីលិចទៅកើត​ ដោយសារតែអ្នកបើកបររវល់តែប្រលែងគ្នា​ ទើបរេចង្កូត ទៅបុករបាំងថ្មចែកទ្រូងផ្លូវ អស់មួយកង់​ ហើយជ្រុលទៅបុករបងផ្ទះគេ​ បណ្ដាយរថយន្ដខ្ទេចផ្នែកខាងមុខធ្ងន់ធ្ងរ​ ទៅមុខលែងរួច។

ក្រោយពេលកើតហេតុរថយន្ដទាំង២​ ត្រូវបានកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ​ ស្ទួចយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយ នៅពេលក្រោយ៕