(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ បានចេញសេចក្តីថ្លែង​ការណ៍មួយ ដោយស្នើឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ កាត់បន្ថយការដាក់ពង្រាយកម្លាំង នៅតាមបណ្តាផ្លូវនានាទាំងខេត្ត និងរាជធានីភ្នំពេញ ដើម្បីជៀសវាងការរំខាន ដល់ចរន្តសេដ្ឋកិច្ច និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

ការស្នើបែបនេះធ្វើឡើង បន្ទាប់ពីគណបក្សខាងលើ បានមើលឃើញថា ការដាក់ពង្រាយនគរបាលចរណ៍ នៅតាមបណ្តាលផ្លូវនានា ដើម្បីធ្វើការផាកពិន័យ ហាក់ច្រើនហួសហេតុពេក ដែលជាការរំខាន​ដល់ពេលវេលា​នៃការធ្វើដំណើរ និងជាការរំខានដល់ការ​ប្រកបមុខរបរទទួលទានរបស់ប្រជាពលរដ្ឋ។

ឆ្លើយតបនឹងការស្នើរបស់ គណបក្សនយោបាយទើបបង្កើតថ្មីនេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News ថា រាល់ការដាក់ពង្រាយកម្លាំង សមត្ថកិច្ចចរាចរណ៍តាមដងផ្លូវនានា តាមបណ្តាលខេត្ត-រាជធានី គឺសមត្ថកិច្ចមានផែនការច្បាស់លាស់ និងមានពេលវេលាកំណត់ត្រឹមត្រូវ មិនមែនចេះតែដាក់តាមអំពើចិត្តនោះទេ។

លោកឧត្តមសេនីយ៍ឯក បានថ្លែងទៀតថា «រាល់ថ្ងៃកម្លាំងនគរបាលចរណ៍រាជធានី-ខេត្ត ដាក់ពង្រាយច្រើនប៉ុណ្ណឹងហើយ នៅតែបងប្អូនប្រជាពលរដ្ឋ របស់យើងមួយចំនួន នៅតែមិន​គោរពច្បាស់​ទៀត។ ចុះទម្រាំដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍តិចទៀត យ៉ាងតើការគោរពច្បាប់ របស់ប្រជាពលរដ្ឋទៅជាបែបណា?»

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានថ្លែងទៀតថា «តាមពិតទៅកម្លាំងនគរបាលចរាចរណ៍របស់យើងចង់បានបំផុត គឺការដាក់ពង្រាយកម្លាំងតាមដងផ្លូវ តិចបំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្តែដោយសារតែការគោរពច្បាប់របស់ប្រជាពលរដ្ឋនៅមានកម្រិតដូច្នេះចង់មិនចង់ ត្រូវតែពង្រឹងការអនុវត្តច្បាប់នេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងជំរុញការយល់ដឹង​ពីច្បាប់ចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ»

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតជារៀងរាល់ថ្ងៃ ហើយបានឆក់យកអាយុជីវិត របស់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែអំពាវនាវឲ្យបង​ប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់​ចរាចរណ៍ ដើម្បីជៀសវាង​គ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យបងប្អូនបាត់បង់ជីវិត និងពិការជាដើម៕