(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា ការបង្កើតកម្មវិធីជួបជុំ អតីតសិស្ស ក្នុងគោលបំណងដើម្បី ប្រមូលថវិកាយកមក ជួសជុលអគារសិក្សា ដែលមានសភាពទ្រុឌទ្រោម និងបំពាក់បរិក្ខាផ្សេងៗ និងម្យ៉ាងទៀត ជាឱកាសដើម្បីឲ្យអតីតសិស្សបានផ្សារភ្ជាប់ បណ្តាញទំនាក់ទំនងរវាងគ្នា និងគ្នាជាកម្លាំងសាមគ្គី។

ការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើង ខណៈដែលលោក បានចូលរួមនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូការ សាលារៀនជំនាន់ថ្មី សាលប្រជុំ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។

លោក ហ៊ុន ម៉ាណែត បានបន្តថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ កន្លងមកនេះ មានការរៀបចំឲ្យមានពិធី ជួបជុំអតីតសិស្សមួយ។ កម្មវិធីជួបជុំអតីតសិស្សនេះរៀបចំ ឡើង ក្នុងគោលបំណងដើម្បីប្រមូលថវិកាសាងសង់ជួសជុលនិងបំពាក់បរិក្ខាផ្សេងៗ ដែលសាលាខ្វះខាត និងម្យ៉ាងទៀតជាឪកាសដើម្បីឲ្យអតីតសិស្សបានផ្សារភ្ជាប់បណ្តាញ ទំនាក់ទំនងរវាងគ្នានិងគ្នាជាកម្លាំងសាមគ្គី។

កម្មវិធីនោះ មានការចូលរួម ពីអតីតសិស្សប្រមាណជាង៥.០០០នាក់ ដែល បានចូលរួមជាថវិកាឧបត្ថម្ភ ជាទឹកប្រាក់សរុបចំនួន ២៣២.១៨៧ដុល្លារអាមេរិក ដើម្បីទ្រទ្រង់ សាលារៀនដែលបានធ្លាប់សិក្សារៀនសូត្រកន្លងមកនិងទៅអនាគត។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូការ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ មានការចូលរួមពីលោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និង លោក ហ៊ុន ម៉ាណែត និងតំណាងអតីតសិស្សជាច្រើននាក់ទៀត។

នៅក្នុងឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន  លោក ហង់ ជួនណារ៉ុន និងលោក ហ៊ុន ម៉ាណែត ព្រមទាំងភ្ញៀវកិត្តិយសអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់សាលាជំនាន់ថ្មី សាលប្រជុំ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ចាប់ពីពេលនេះតទៅ សិស្សានុសិស្ស នឹងបានពិនិត្យមើល សាលាជំនាន់ថ្មី សាលប្រជុំបណ្ណាល័យ និង សកម្មភាពការអនុវត្ត ជាក់ស្តែងរបស់សិស្សានុសិស្សផងដែរ៕