(ភ្នំពេញ)៖ មន្ត្រីពន្ធនាគារប៉េហ្ស៊ីមួយរូបសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា លោក ស៉ឹង ប៉ុណ្ណា ដែលជាប្រធានក្រុមហ៊ុនអចលន​ទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប ត្រូវបានតុលាការសម្រេចដោះលែង ឲ្យនៅក្រៅឃុំវិញហើយ នៅវេលាម៉ោងប្រមាណជាង១១ព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។

ពាក់ព័ន្ធនឹងការសម្រេចឲ្យនៅក្រៅឃុំនេះ មន្រ្តីពន្ធនាគារ PJ រូបនោះ មិនបានបញ្ជាក់អំពីមូលហេតុនោះទេ។

សូមជំរាបថា លោក ស៉ឹង ប៊ុណ្ណា ដែលជាអតីតប្រធាន សមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា ដ៏ល្បីឈ្មោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ និងត្រូវបានតុលាការ សម្រេចឃុំខ្លួន កាលពីម៉ោង៦៖០០ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ ជុំវិញរឿងចេញសែកគ្មានប្រាក់។

លោក ស៊ឹង ប៊ុណ្ណា ត្រូវបានតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញចោទប្រកាន់បទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាច​ជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់។

បើមន្រ្តីតុលាការបានបញ្ជាក់ថា នៅឆ្នាំ២០១៥ លោក សឹង ប៊ុណ្ណា បានខ្ចីប្រាក់ពី លោក កែវ ហ៊ុន ចំនួន ៤០ម៉ឺនដុល្លារជាសាច់ប្រាក់សុទ្ធ។ លុះដល់ឆ្នាំ២០១៦ លោក សឹង ប៊ុណ្ណា បានសងវិញតែជាសែក លុះដល់ម្ចាស់បំណុលទៅបើកប្រាក់ស្រាប់ តែខាងធនាគារប្រាប់ថា សែកនោះអត់មានសាច់ប្រាក់ទេ ទើបលោក កែវ ហ៊ុន ប្ដឹងតែម្ដង៕