(អ៊ីស្លាម៉ាបាដ)៖ ប្រធានាធិបតីប៉ាគីស្ថានលោក ម៉ាមនូន ហ៊ូស្សេន (Mamnoon Hussain) បានប្រកាសថា ប្រទេសរបស់លោក គាំទ្រពេញទំហឹងចំពោះ គោលការណ៍ និងតួនាទីរបស់ប្រទេសចិន ក្នុងការដោះស្រាយបញ្ហា នៅសមុទ្រចិនខាងត្បូង ក៏ដូចជាកោះតៃវ៉ាន់ និងតំបន់ទីបេ ផងដែរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦។

ការលើកឡើងដូចខាងលើនេះ បានធ្វើឡើងនៅក្នុងអំឡុងជំនួបទ្វេភាគី ជាមួយនឹងប្រធានាធិបតីចិនលោក ស៊ី ជិនពីង មុនកិច្ចប្រជុំកំពូល នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) នៅតំបន់ Tashkent ប្រារព្ធឡើង។

កាលពីថ្ងៃអង្គារ ក្រសួងការបរទេសចិន ក៏បានបង្ហើបទៅកាន់អន្តរជាតិថា មានប្រទេសជាច្រើនហើយបានសម្តែងការ គាំទ្រជំហរចិន ក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ក្នុងនោះចិនបានសម្តែងការកោតសរសើរ និងដឹងគុណ ចំពោះនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រជំហររដ្ឋាភិបាលចិននេះដូចគ្នា។

សូមជំរាបថា កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយធ្វើការគាំទ្រទាំងស្រុងចំពោះការប្រកាសគោលជំហរយ៉ាងច្បាស់​លាស់របស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានថ្លែងលើបញ្ហាសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០១៦៕