(ហាណូយ)៖ ម៉ាស៊ីនមួយគ្រឿង របស់យន្តហោះខ្នាតតូចនៃក្រុមសង្គ្រោះវៀតណាម ដែលបានបាត់ដំណឹង ក្នុងបេសកកម្មស្វែងរកយន្តហោះចម្បាំង កាលពីថ្ងៃព្រហស្បតិ៍ នោះត្រូវបានរកឃើញហើយនៅក្នុងជម្រៅទឹកសមុទ្រ ៦០ម៉ែត្រ ដែលស្ថិតភាគខាងជើងនៃតំបន់ឆ្នេរ Hai Phong ប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយមុននេះ បន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦។

យន្តហោះ CASA របស់វៀតណាម បានដឹកក្រុមសង្គ្រោះចំនួន ០៩នាក់ ទៅស្វែងរកយន្តហោះចម្បាំងនិងពីឡុត វៀតណាម ដែលបានបាត់ខ្លួនកាលពីដើមសប្តាហ៍មុន អំឡុងពេលធ្វើលំហាត់ហ្វឹកហ្វឺនទ័ពអាកាស នៅតំបន់ភាគ ខាងជើងប្រទេសវៀតណាម ប៉ុន្តែមួយសប្តាហ៍មកនេះ យោធាទើបតែប្រទះឃើញបំណែកយន្តហោះ និងម៉ាស៊ីនមួយ គ្រឿងប៉ុណ្ណោះ (យន្តហោះមានម៉ាស៊ីនពីរ) ហើយដោយឡែកសាកសពមនុស្ស ០៩នាក់ទៀត ក៏មិនទាន់ត្រូវបានរក ឃើញដែរក្នុងរយៈពេល ០៧ថ្ងៃមកនេះ។

គួរបញ្ជាក់ថា លោក Nguyen Huu Cuong ដែលជាពីឡុត នៅលើយន្តហោះចម្បាំង SU-30 នោះត្រូវបាន អ្នកនេសាទ វៀតណាមសង្គ្រោះជីវិត ក្រោយពេលយន្តហោះធ្លាក់ ក៏ប៉ុន្តែមនុស្សទាំង ០៩នាក់ដែលទៅតាមរករូបលោក ទំនងជាមិនអាចមាន សំណាងរួចរស់ជីវិតដូចរូបលោកឡើយ។ បច្ចុប្បន្ន យោធាវៀតណាម នៅតែបន្តការរុករក មនុស្សដែលកំពុងបាត់ខ្លួនទាំង ០៩នាក់នោះដដែល នៅដែនទឹកភាគខាងជើងរបស់ខ្លួន៕