(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខណ្ឌដូនពេញ រួមសហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល បានចុះបង្ក្រាប ទីតាំងចែកចាយ និងជួញដូរគ្រឿងញៀនដ៏ធំ មួយកន្លែង ឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន១៧នាក់ ម៉ូតូចំនួន៤គ្រឿង កញ្ឆា២កញ្ចប់ គ្រឿងញៀន២កញ្ចប់តូច-ធំ រួមទាំងសម្ភារៈជក់គ្រឿងញៀន មួយចំនួនទៀត។

ការបង្ក្រាបនេះ ធ្វើឡើងនៅចំណុចខាងក្រោយស្ថានទូតបារាំង ផ្ទះលេខ៦៥ ភូមិ២០ ក្រុម២៤៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅម៉ោង១១៖១០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ។

ការបង្ក្រាបនេះដឹកនាំដោយ លោក ប៉ាន់ សុភាព នាយការិយល័យប្រឆាំង បទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោក អ៊ុយ សុវណ្ណា នាយមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បន្ទាប់ពីបានបង្ក្រាប ករណីអ្នកចែកចាយបន្តចំនួន៣នាក់ នៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលម៉ោង១១៖២០នាទីយប់ ថ្ងៃទី២២ ខែម៨ថុនា ឆ្នាំ២០១៦ ហើយជនសង្ស័យបានសារភាព និងចង្អុលបង្ហាញទើបមានការចុះមកឆែកឆេរ និងបង្ក្រាបទីតាំងខាងលើនេះ តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង១៧នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋាន កងរាងអាវុធហត្ថខេត្តកណ្តាល ដើម្បីចាត់ការតាម នៅតិវិធី៕