(បន្ទាយមានជ័យ)៖ សេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី២៣ ខែមិថុនានេះ មានករណីគ្រោះអគ្គិភ័យឆេះបំផ្លាញ ផ្ទះពលរដ្ឋ​ទំហំ៤ម៉ែត្រគុណ១២​ម៉ែត្រ សង់ពីឈើ ដំបូលប្រកស័ង្កសី​​ ជញ្ជាំង​កៅស៊ូ​ នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត អស់ទាំងស្រុង រយៈពេលតែ២០នាទី​​ ខណៈរថយន្តពន្លត់អគ្គិភ័យមកមិនទាន់ឡើយ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីឆេះនេះ ម្ចាស់ផ្ទះពុំនៅផ្ទះឡើយ ដោយគាត់រវល់ទៅរកស៊ី ហើយបើតាមការអះអាងពីពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ ពួកគាត់បានឮសូរសំឡេង ផ្ទុះចេញពីផ្ទះរងគ្រោះ​ មិនបាន១០នាទីផង ក៏អណ្តាលភ្លើងឆាបឆេះរយៈពេល តែ២០នាទីប៉ុណ្ណោះ ធ្វើឲ្យផ្ទះត្រូវបំផ្លាញទាំងស្រុងតែម្តង។

ប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ​ ណា សៀត​​ អាយុ៥៥ឆ្នាំ​ ជាកម្មករ ហើយផ្ទះនេះ គឺគាត់ជួលគេស្នាក់នៅ៕