(សៀមរាប)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានទិញស្ទីកគ័រ (Sticker) ប្រមាណ៣លានសន្លឹក សម្រាប់បិទតាមគោយន្ត កង់ និង ម៉ូតូរបស់ប្រជាពលរដ្ឋនៅតាមជនបទ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរ។

ថ្លែងក្នុងបទសម្ភាសន៍ក្រោមដំណក់ភ្លៀងបន្ទាប់ពីដើរពិនិត្យការអ៊ុតគំនូសតាមដងវិថីក្នុងក្រុងសៀមរាប នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះថា គ្រោះថ្នាក់ចរាចរជាច្រើននៅតាមទីជនបទ បានកើតឡើងដោយសារស្ថានភាពងងឹត គោយន្ត កង់ និងម៉ូតូ មិនមានចំណាំងផ្លាតឲ្យបានច្បាស់ ដែលងាយនាំឲ្យមានការបើកបុកគ្នា។

លោកទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ការទិញស្ទីកគ័រមកបិទតាមគោយន្ត ម៉ូតូ និងកង់របស់ប្រជាពលរដ្ឋនៅតាមទីជនបទ នឹងជួយឲ្យអ្នកធ្វើដំណើរមើលឃើញបានច្បាស់ និងអាចបញ្ចៀសគ្រោះថ្នាក់ចរាចរបាន៕