(ភ្នំពេញ)៖ ប្រតិភូទេសចរណ៍ និងពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប បានថ្លែងកោតសរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ថាជាមេដឹកនាំដ៏ល្អប្រពៃមួយរូបសម្រាប់ប្រជាពលរដ្ឋ។ ការថ្លែងកោតសរសើរនេះ បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន បាន អនុញ្ញាតឲ្យប្រតិភូទេសចរណ៍អឺរ៉ុប ដឹកនាំលោក Anton Caragea ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប អញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់អង្គភាព Fresh News ថា ក្នុងរយៈពេលស្នាក់នៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ លោក Anton Caragea បានសង្កេតឃើញថា សម្ដេចតេជោនាយករដ្ឋមន្រ្តី មានការគោរពស្រឡាញ់ ចំពោះប្រជាពលរដ្ឋយ៉ាងស្មោះស្ម័គ្រ ប្រកបដោយការយកចិត្តទុកដាក់ តាំងពីប្រជាពលរដ្ឋតាមទីជនបទ មន្រ្តីរាជការ សិស្សនុស្សិត បញ្ញាវ័ន្ត ហើយប្រជាពលរដ្ឋវិញ ក៏មានការសម្ដែងនូវការគោរព ចូលចិត្ត គាំទ្រដល់សម្ដេចតេជោផងដែរ។

លោក Anton Caragea បានបញ្ជាក់ថា នេះគឺជាសេចក្ដីសង្ឃឹមដ៏ធំធេងបំផុត របស់ប្រទេសកម្ពុជា ព្រោះកម្ពុជាមានអ្វីៗទាំងអស់រួចហើយ ដូចជាសម្បត្តិវប្បធម៌ អរិយធម៌ និងធម្មជាតិដ៏សម្បូរបែប ជាពិសេសមានសម្ដេចតេជោ ជាអ្នកដឹកនាំប្រកបដោយភាពឈ្លាសវៃ ក្នុងការកសាងនូវសន្តិភាព ស្ថិរភាពនយោបាយ ប្រកបដោយការអភិវឌ្ឍលើគ្រប់វិស័យ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ាក់ សុខុម។

លោក ប៉ាក់ សុខុម បានបន្ថែមថា «លោក Anton Caragea បានសម្ដែងនូវការកោតសរសើរយ៉ាងរីករាយថា ប្រជាពលរដ្ឋកម្ពុជាមានសំណាងណាស់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ល្អ ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់ និងជាអ្នកដឹកនាំគំរូដ៏ឈ្លាសវៃ សម្រាប់ប្រជាជាតិក្នុងពិភពលោក និងបានមើលឃើញថា កម្ពុជាបានផ្ដល់មេរៀន និងបទពិសោធន៍ល្អៗជាច្រើន ដល់ពិភពលោកទាំងមូល អំពីការកសាងប្រទេសប្រកបដោយសុទិដ្ឋិនិយម ក៏ដូចជាបានថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ»។

ឆ្លើយតបនឹងការកោតសរសើរខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្ដីសោមនសប្បាយរីករាយ ហើយបានលើកឡើងថា នេះជាជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋកម្ពុជា ដែលបានផ្ដល់នូវសេចក្ដីទុកចិត្ត ចំពោះរាជរដ្ឋាភិបាល ក៏ដូចជាមានជំនឿទុកចិត្តលើការដឹកនាំគោលនយោបាយ ប្រកបដោយការទទួលខុសត្រូវ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ «ព្រោះកាលណាយើងមានជំនឿទុកចិត្តលើខ្លួនឯងហើយ ទើបយើងអាចធ្វើការដឹកនាំពួកគាត់បាន ហើយកម្ពុជាបានថែរក្សា និងអភិរក្សទុកនូវសម្បត្តិវប្បធម៌ អរិយធម៌ និងសម្បត្តិធម្មជាតិ ដើម្បីបង្ហាញឱ្យភ្ញៀវទេសចរដែលមកទស្សនានា មិនគ្រាន់តែបានមើលឃើញតំបន់ទេសចរ ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ តែពួកគេប្រាកដជាបានមើលឃើញការអភិវឌ្ឍ របស់ប្រទេសកម្ពុជាថែមទៀត»

ជាមួយគ្នានេះ ថ្នាក់ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប ក៏បានសម្ដែងនូវការលើកទឹកចិត្ត ដល់សម្ដេចតេជោ ហ៊ុន សែន ដោយបង្ហាញក្ដីសង្ឃឹមថា សម្ដេចតេជោ នឹងត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីបន្តទៀត ព្រោះសម្ដេចតេជោ ជាបេក្ខជន ដែលមានបទពិសោធន៍ខ្ពស់ ក្នុងការដឹកនាំប្រទេស តាំងពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន និងជាបេក្ខជនដែលនាំមកនូវការបង្រួបបង្រួមជាតិ តាំងពីប្រទេសមានសង្គ្រាម រហូតដល់មានសន្តិភាព និងស្ថិរភាពនយោបាយ ប្រកបដោយភាពត្រចះត្រចង់ជូនប្រជាជនកម្ពុជា។

លោក Anton Caragea បានកោតសរសើរថា សម្ដេចតេជោ លោកបានដាំនូវគ្រាប់ពូជ នៃសេចក្ដីស្រឡាញ់ក្នុងចិត្ត និងស្មារតីនៃការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកភាពរុងរឿង ហើយគណៈប្រតិភូសហភាពអឺរ៉ុប ក៏បានបញ្ជាក់ថា ហេតុផលទាំងនេះហើយ ទើបធ្វើឱ្យសម្ដេចតេជោ នាយករដ្ឋមន្រ្តី ទទួលបានភាពល្បីល្បាញសុះសាយ ទៅដល់ពិភពលោក ជាពិសេសឈ្លាសវៃក្នុងការដឹកនាំវិស័យទេសចរ ឱ្យមានការរីកចម្រើន ប្រកបដោយភាពទាក់ទាញ រហូតទទួលបានមេដាយ «សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប»។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានគណៈប្រតិភូក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប ប្រគល់ជ័យលាភីពានរង្វាន់ «កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់ឆ្នាំ២០១៦» និងបានប្រគល់មេដាយ «សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប» ផងដែរ ដែលនេះបញ្ជាក់ថា កម្ពុជា ជាប្រទេសកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសគឺវិស័យទេសចរ ដែលត្រូវបានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប ធ្វើការវាយតម្លៃ និងបោះឆ្នោតជ្រើសរើសជាប្រទេស ដែលមានវិស័យទេសចរល្អផុតគេ ក្នុងឆ្នាំ២០១៦នេះ៕