(ភ្នំពេញ)៖ នៅថ្ងៃនេះលោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានផ្ញើលិខិតចំហរមួយច្បាប់ជូនបណ្តាសារព័ត៌មាន និងសាធារណជនដោយបានលើកឡើងថា ស្ថាប័នមិនមែនរដ្ឋាភិបាល ដែលទទួលប្រាក់ពីបរទេស ឬជាភ្នាក់ងារបរទេស មាននិន្នាការមិនសហការ ជាមួយរាជរដ្ឋាភិបាល។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ជានិច្ចកាលតែងតែឃើញរបាយការណ៍ខ្លឹមសារ​ បានបង្ហាញច្បាស់នូវពណ៌សម្បុរ និងសារជាតិ ដែលរំលោភទៅលើដែនសមត្ថកិច្ច និងច្បាប់របស់កម្ពុជា។

សំណួរសួរថា៖ តើនេះជារបត់នយោបាយរវាងការកសាង និងពង្រឹងសណ្តាប់ធ្នាប់សង្គម ឬការបះបោរ ដោយអហិង្សាក្នុងការតតាំងអំណាចរដ្ឋ ដែលមានចែងនៅក្នុងច្បាប់ជាធរមាន?

លោក ផៃ ស៊ីផាន​ បានលើកឡើង និងរៀបរាប់យ៉ាងដូច្នេះថា៖ កាលពីល្ងាចម្សិលមិញ វិទ្យុអាស៊ីសេរី បានធ្វើបទសម្ភាសន៍ជាមួយខ្ញុំ ពាក់ព័ន្ធ និងទម្រង់ខ្លឹមសារ នៃរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ នេះជាការជម្រាបជូនផ្ទាល់របស់ខ្ញុំដល់សាធារណជន អំពីរបាយការណ៍របស់ស្ថាប័នមិនមែនរដ្ឋាភិបាល ដែលទទួលប្រាក់ពីបរទេស ឬជាភ្នាក់ងារបរទេស មាននិន្នាការមិនសហការ ជាមួយរាជរដ្ឋាភិបាល។ ជានិច្ចកាលយើងបានឃើញរបាយការណ៍ ទាំងខ្លឹមសារ និងទិន្នន័យបានបង្ហាញច្បាស់នូវពណ៌សម្បុរ និងសារជាតិ ដែលរំលោភទៅលើដែនសមត្ថកិច្ច និងច្បាប់របស់កម្ពុជា។

យើងប្រាកដច្បាស់ណាស់ថា របាយការណ៍ទាំងអស់នោះ មិនមែនជាមូលដ្នានក្នុងភាព ជាអ្នកចូលរួមក្នុងការអភិវឌ្ឍន៍ ដោះស្រាយបញ្ហាក្នុងសង្គម ដែលបានវិវត្តន៍ នៃដំណើការអភិវឌ្ឍន៍ ដែលតែងតែជួបប្រទះ និងឧបសគ្គនោះទេ។

ផ្ទុយមកវិញភាគច្រើនរបាយការណ៍ទាំងអស់នោះ ជាការប្រឌិត និងបំពាននូវដែនសមត្ថភាពរបស់រាជរដ្ឋាភិបាល ឬតុលាការ ដូចមានចែងនៅក្នុងច្បាប់ ជាធរមានរបស់កម្ពុជា។ ការបង្កើត និងបញ្ចេញព័ត៌មានជាសាធារណៈ ដែលបានចោទប្រកាន់តុលាការ ចាត់វិធាន ឬសម្រេចខុសនោះ គឺមិនមែនជាដែនសមត្ថកិច្ច របស់អង្គការមិនមែនរដ្ឋាភិបាលនោះទេ ប៉ុន្តែពួកគេមានទិសដៅពិតប្រាកដប្រឆាំងតុលាការ និងរដ្ឋ។

នៅក្នុងសង្គមប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងច្បាស់ថា មានតែចៅក្រមទេ ដែលមាននាទីជាអ្នកសម្រេចថាខុស ឬត្រូវ។ រីឯមេធាវីជាស្ថាប័ន មួយឯករាជ្យដែលមានសមត្ថកិច្ច ក្នុងការប្រជែងគំនិត ឬស្មារតីដើម្បីដោះបន្ទុក។ ប៉ុន្តែអ្វីដែលខ្ញុំបានឃើញ មេធាវីមួយចំនួនតូចដែលមាននិន្នាការ ពុំបានបញ្ចេញ សមត្ថភាពដោះបន្ទុក ឬការពារសិទ្ធិកូនក្តីរបស់ខ្លួនទេ ប៉ុន្តែតែងតែយកឱកាសនៃករណីទាំងអស់ នៅក្នុងតុលាការនោះ ជាគោលដៅនៃការបំផុសគំនិត និងឥរិយាបថប្រឆាំង និងតុលាការទៅវិញ ជាជាងការពារផលប្រយោជន៍កូនក្តី នោះរាប់ទាំងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលមាននិន្នាការប្រឆាំងនិងច្បាប់ ឬការអនុវត្តច្បាប់រដ្ឋ។

អ្នកទាំងអស់នោះ ជាក់ស្តែងបានរួមគ្នាបំផុសរឿងនយោបាយ ជាជាងរួមគ្នាពង្រឹងនីតិរដ្ឋ។ ហេតុដូចនេះអង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានសកម្មភាព ទាំងការចេញរបាយការណ៍ និងសេចក្តីថ្លែងការណ៍ គឺស្ថិតនៅក្នុងនិន្នាការនេះ គឺមិនមែនជាដៃគូរពិតប្រាកដ ក្នុងកិច្ចពង្រឹង និងអភិវឌ្ឍសណ្តាប់ធ្នាប់ សាធារណៈឡើយ។

លោកស្រីប្រធានអង្គការនោះ ក៏ទទួលបានការលើកទឹកចិត្តពីបរទេស រាប់ទាំងអ្នកតាំងខ្លួនជាសកម្មជន អ្នកវិភាគឯករាជ្យ និងវិទ្យុឯករាជ្យ ដែលខ្ញុំយល់ថា គេកំពុង តែអនុវត្តនូវសកម្មភាពបះបោរប្រឆាំងរដ្ឋ និងច្បាប់ ដែលជាកាតព្វកិច្ចរបស់ភ្នាក់ងារបរទេស ដែលមានប្រភពចេញពីប្រទេសខាងលិចមួយ ដែលមានវិទ្យាស្ថាន ហ្វឹកហ្វឺន នៃជំនាញការតតាំងដោយអហិង្សា ឬបដិវត្តប្រឆាំង និងរដ្ឋាភិបាលខ្លួនឯង ហើយបណ្តាញនេះក៏បានលាតសន្ធឹងដល់ខេត្ត ក្រុង ស្រុក ខណ្ឌ របស់កម្ពុជា ផងដែរ។ ក្នុងការកសាងបណ្តាញ ដែលមានរូបភាពខុសៗគ្នា ជាសមាគម ឬជាសហគមន៍ ឬសកម្មជន ដើម្បីប្រមូលផ្តុំអំណាច និងសកម្មភាព ដើម្បីតតាំងប្រឆាំង និងអំណាចរដ្ឋ។ នេះជាការសម្តែងមតិ នៃការយល់ឃើញផ្ទាល់របស់ខ្ញុំ៕