(ស្ទឹងត្រែង)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ តំណាងធនាគារអភិវឌ្ឍអាស៊ី (ADB) លោក Rudolf Frauenfelder បានចូលជួបអភិ បាលរងខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ ដើម្បីពិភាក្សា​ការងារ​​មួយចំនួន ពាក់ព័ន្ធការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងស្ទឹងត្រែង។

លោក Rudolf Frauenfelder បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភវិឌ្ឍន៍អាស៊ី បានព្រមព្រៀងគ្នាត្រៀមកញ្ចប់ថវិកា ៦០លានដុល្លារ សម្រាប់កែលម្អក្រុងចំនួន០៣ នៃប្រទេស​កម្ពុជា គឺក្រុងស្ទឹងត្រែង ក្រុងកែប និងក្រុងកំពង់ចាម។ ក្នុងនោះ ក្រុងស្ទឹងត្រែង គឺជាគោលដៅដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ គម្រោងនេះ នឹងរៀបចំស្តារឡើងវិញ នូវហេដ្ឋា​រចនាសម្ព័ន្ធក្នុងក្រុង ដូចជា ការពង្រីកបណ្តាញលូ ការសាងសង់អាងចម្រុះទឹកស្អុយ ប្រព័ន្ធការពារទឹកជំនន់ ច្រាំងទន្លេរ និងទីតាំងចាក់សំរាម។

បើតាមលោក Rudolf Frauenfelder គម្រោងនេះ គ្រោងនឹងចាប់ផ្តើមសិក្សានៅឆ្នាំ២០១៦នេះ។ លោក ជា ថាវរិទ្ធ បានកោតសរសើរ ដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានយកចិត្តទុកដាក់​ក្នុងការសិក្សារៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាមួយអាជ្ញាធរ ខេត្ត-ក្រុងស្ទឹងត្រែង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍ដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងស្ទឹងត្រែង។

លោកអភិបាលរងខេត្ត ក៏បានជូនពរឲ្យដំណើការនៃការសិក្សាគម្រោងអភិវឌ្ឍន៍នេះ ទទួលបានជោគជ័យ ដើម្បីអភិវឌ្ឍន៍ក្រុងស្ទឹងត្រែង ឲ្យមានការរីកចម្រើនទាក់ទាញភ្ញៀវទេសចរ ក្រុមហ៊ុនវិនិយោគ បង្កើនមុខរបរជូនប្រជាពលរដ្ឋ និង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងខេត្ត៕