(ភ្នំពេញ)៖ រយៈពេលចំនួន២ថ្ងៃនេះ កម្លាំងនគរបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ បានចុះបង្ក្រាប និងឃាត់ខ្លួនបានជនគ្រឿងញៀន ចំនួន២នាក់ ដោយបានដកហូតថ្នាំប្រភេទម៉ាទឹកក សរុបចំនួន១៤កញ្ចប់ ពីកន្លែងផ្សេងៗគ្នា។

សមត្ថកិច្ចបានឱ្យដឹងថា នៅថៃ្ងទី២១ ខែមិថុនា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហេង នី ភេទស្រី អាយុ៤០ឆ្នាំ មានស្រុក កំណើតនៅខេត្តកំពង់ចាម និងស្នាក់នៅផ្ទះជួល ម្តុំផ្សារទួលសង្កែ ផ្លូវ៦៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ព្រមទាំងបានដកហូត គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន៥កញ្ចប់ និងទូរស័ព្ទ Samsung Galaxy S3 មួយគ្រឿងទៀត ត្រង់ចំណុចផ្សារទួលសង្កែ ភូមិ១៩ ផ្លូវ៩០០ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងនៅថៃ្ងទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀត ឈ្មោះ វ៉ាន់ សុវណ្ណរ៉េត ហៅទូច ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះភូមិ៣ ផ្លូវរថភ្លើង  សង្កាត់ស្រះចក ខណ្ឌដូនពេញ ដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ព្រមទាំង បានដកហូតថ្នាំញៀន ចំនួន៩កញ្ចប់ ត្រង់ចំណុចភូមិ៣ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។              

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ទៅតុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕