(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យអ្នកលេងបណ្តាញ សង្គមការពាររាជរដ្ឋាភិបាល និងបង្ហាញព្រឹត្តិការណ៍ពិតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍មួយចំនួន ដើម្បីជាស្មារតីក្នុងការតស៊ូមតិលើបណ្តាញសង្គម។

អ្នកលេងបណ្តាញសង្គមការពាររាជរដ្ឋាភិបាល និងបង្ហាញព្រឹត្តិការណ៍ពិតនៅក្នុងប្រទេសកម្ពុជា ដែលអនុញ្ញាតជួបសម្តែងការគួរសមនឹងសម្តេចតេជោនៅថ្ងៃនេះ មានចំនួន ២៦នាក់ មានទាំងអ្នករស់នៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ ជំនួបត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ដែលជាការបង្ហាញឱ្យឃើញនូវការទទួលបដិសណ្ឋារកិច្ចកម្រិតខ្ពស់មួយ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះសម្តេចតេជោ រៀបរាប់ពីប្រវត្តិសាងសង់អគារសន្តិភាព ព្រមទាំងដំណើរការដឹកនាំកិច្ច ប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ា នៅវិមានសន្តិភាពនេះកាលពីឆ្នាំ២០១២ ដែលកម្ពុជាជាប្រធានអាស៊ាន។

ក្រៅតែរំលឹកពីប្រវត្តិវិមានសន្តិភាពហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចពីភាពលេចធ្លោនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ផងដែរ។

ភាពលេចធ្លោដែលសម្តេចតេជោ បានលើកឡើងនោះរួមមាន៖ ការរក្សាបានសុខសន្តិភាព និងស្ថេរភាពនយោបាយ, ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ បានល្អប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា, ការគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អតាមរយៈវិធានសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង, ការគ្រប់គ្រងសេដ្ឋកិច្ច បានល្អប្រសើរជម្នះនឹងវិបត្តិកូវីដ១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន, ការអនុវត្តន៍នយោបាយការបរទេសឈរលើភាពឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ និងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២នេះ ប្រកបដោយភាពជោគជ័យ។

បន្ទាប់ពីជំនួបសម្តែងការគួរសមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំអាហារសាមគ្គីជាមួយក្រុមអ្នកលេងបណ្តាញសង្គមទាំង២៦រូបផងដែរ។

សូមបញ្ជាក់ថា ក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលសម្តេចតេជោ បានអនុញ្ញាតឱ្យជួបសម្តែងការគួរសមនៅថ្ងៃនេះ គឺជាអ្នកដែលធ្វើសកម្មភាពឆ្លើយតបជាសំខាន់ទៅនឹងអ្នកលេងបណ្តាញសង្គមគាំទ្របក្សប្រឆាំង ហើយប្រឆាំងនឹងរាជរដ្ឋាភិបាល។

ពួកគេតែងតែឆ្លើយតប និងវាយបកទៅក្រុមប្រឆាំងទាំងនោះ ដើម្បីការពាររាជរដ្ឋាភិបាល ព្រមទាំងលើកបង្ហាញនូវតថភាព និងព្រឹត្តិការណ៍មួយចំនួននៅក្នុងសង្គមកម្ពុជា៕