(ភ្នំពេញ)៖ បច្ចុប្បន្ននៅកម្ពុជាកំពុងអនុវត្តកម្មវិធីសិក្សាមុខវិជ្ជាបច្ចេកទេសពាក់ព័ន្ធនឹង «ទេសចរណ៍» ដល់សិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពោលគឺនៅថ្នាក់ទី១០ ទី១១ និងទី១២ បន្ថែមពីលើមុខវិជ្ជាចំណេះដឹងទូទៅដែលមានស្រាប់ ខណៈនៅដំណាក់កាលដំបូង មានសាលាចំនួន៤កំពុងអនុវត្តកម្មវិធីសិក្សាជំនាញទេសចរណ៍នេះ។

ការណ៍នេះត្រូវបង្ហាញឡើងក្នុងឱកាសដែលក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើពិធីប្រកាសផ្សព្វផ្សាយកម្មវិធីសិក្សាផ្នែកអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិ ផ្នែកទេសចរណ៍ ជំនាញការិយាល័យជួរមុខ សម្រាប់ប្រើប្រាស់តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការ NOCC។

* តើអ្វីទៅជាកម្មវិធីសិក្សាមុខវិជ្ជាបច្ចេកទេសពាក់ព័ន្ធនឹងទេសចរណ៍នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស?

ក្នុងពិធីប្រកាសខាងលើ លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាន និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្មវិធីសិក្សាមុខវិជ្ជាទេសចរណ៍នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស គឺជាការបន្ថែមនូវការបង្រៀនមុខវិជ្ជាដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដល់សិស្សដែលសិក្សានៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពោលគឺចាប់ពីថ្នាក់ទី១០ ទី១១ និងទី១២។

លោកបានបន្តថា កម្មវិធីសិក្សា៣ឆ្នាំនេះ គឺឆ្នាំទី១-ថ្នាក់ទី១០ ដែលមានការសិក្សាអំពីមុខវិជ្ជាចំណេះដឹងទូទៅផង (អក្សរសាស្ត្រខ្មែរ ភាសាអង់គ្លេស ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋ​ សេដ្ឋកិច្ចជាដើម) និងទ្រឹស្ដីពាក់ព័ន្ធនឹងទេសចរណ៍ផង សរុប៨៣៦ម៉ោង, ឆ្នាំទី២-ថ្នាក់ទី១១ មានការសិក្សាមុខវិជ្ជាចំណេះដឹងទូទៅដូចគ្នា និងទ្រឹស្ដីពាក់ព័ន្ធនឹងទេសចរណ៍ដូចគ្នា តែក៏បូកថែមនូវការអនុវត្តពាក់ព័ន្ធនឹងមុខវិជ្ជាទេសចរណ៍ទៀតដែរ សរុប៨៣៦ម៉ោង, ឆ្នាំទី៣-ថ្នាក់ទី១២ គឺសិក្សានិងអនុវត្តដូចឆ្នាំទី២ គ្រាន់តែកម្រិតលើសឆ្នាំទី២ សរុប៧៩៨ម៉ោង។ សរុបទាំង៣ឆ្នាំនេះគឺម៉ោងសិក្សានិងអនុវត្តមានចំនួនសរុប២៤៧០ម៉ោង។

លោក ទ្រី ឈីវ បានបន្តទៀតថា រយៈពេល៣ឆ្នាំនេះ សិស្សនឹងទទួលបានការសិក្សាលើមុខវិជ្ជាសំខាន់ៗ ដូចជា សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ ផលិតកម្មម្ហូបអាហារ គេហកិច្ច ការីទេសចរណ៍ ការប្រើប្រាស់កុំព្យូទ័រ បូករួមនឹងចំណេះដឹងផ្សេងៗទៀត និងការអនុវត្តជាក់ស្ដែងផងដែរ។ លោកថា សិស្សខ្លះ នៅពេលរៀនបានយល់ដឹងច្រើន ក៏មានឱកាសរកការងារធ្វើបណ្ដើរៗ។ អ្នកខ្លះទៀត បន្ទាប់ពីបញ្ចប់ការសិក្សា អាចទៅធ្វើការផ្ទាល់តែម្ដងក៏បាន ឬអាចបន្តការសិក្សានៅសាកលវិទ្យាល័យទៀតក៏បាន ដោយសញ្ញាបត្រមុខវិជ្ជាទេសចរណ៍របស់ពួកគេ មានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

គួរជម្រាបថា បច្ចុប្បន្ននេះ មានសាលាចំនួន៤ដែលកំពុងអនុវត្តកម្មវិធីសិក្សានេះ ក្នុងនោះរួមមាន៖ ១-វិទ្យាស្ថានចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល ខេត្តកំពង់ធំ ២-វិទ្យាស្ថានចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ ៣-មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ខេត្តសៀមរាប និង ៤-សាលាចំណេះទូទៅ និងបច្ចេកទេសឯកជន អេស៉ីធី រាជធានីភ្នំពេញ។

លោកស្រី ម៉ាថាលា ឡូ នាយិកាសាលាចំណេះទូទៅ និងបច្ចេកទេសឯកជន អេស៉ីធី បានថ្លែងនាឱកាសនោះថា ការបណ្ដុះបណ្ដាលមុខវិជ្ជាទេសចរណ៍នៅកម្រិតវិទ្យាល័យនេះ មានគោលបំណងគាំទ្រដល់ទេពកោសលរបស់សិស្សកម្ពុជា ឱ្យពួកគេក្លាយជាអ្នកដែលមានជំនាញពិតប្រាកដ តាមរយៈការអភិវឌ្ឍសមត្ថភាពចាប់ពីកម្រិតវិទ្យាល័យទៅ។

លោកស្រីនាយិកាបានបន្តថា សម្រាប់សាលាអេស៉ីធី ប្រសិនបើសិស្សណាម្នាក់គ្មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីផ្លូម) ទេ ពួកគេអាចចូលរៀនវគ្គបំប៉នតម្រង់ទិសជំនាញទេសចរណ៍សិន ដើម្បីទទួលបានសញ្ញាបត្រដែលសមមូលជាមួយសញ្ញាបត្រឌីផ្លូម មុនចូលរៀនថ្នាក់ទី១ (ថ្នាក់ទី១០) ឆ្នាំទី២ (ថ្នាក់ទី១១) និងឆ្នាំទី៣ (ថ្នាក់ទី១២) ដូចសិស្សដទៃ។

លោកស្រីបានបន្តទៀតថា នៅឆ្នាំទី២ និងឆ្នាំទី៣ សាលាអេស៉ីធីមានកម្មវិធីសិក្សាទ្រឹស្ដីរយៈពេល៣ខែ និងអនុវត្តរយៈពេល៣ខែ ឆ្លាស់ទៅឆ្លាស់មករហូតដល់ចប់ឆ្នាំ។ ចំពោះការអនុវត្ត គឺសាលាមានដៃគូជាមួយស្ថាប័នឯកជនមួយចំនួន ដូចជា សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សណ្ឋាគាររ៉ាហ្វហ្វល សណ្ឋាគារហៃយ៉ាត់រីជិនស៉ីភ្នំពេញជាដើម។

តាមលទ្ធផលដែលលោកស្រីនាយិកាសាលាអេស៉ីធីលើកឡើង នៅពេលបញ្ចប់ការសិក្សារយៈពេល៣ឆ្នាំទៅ សិស្សមានសមត្ថភាពក្នុងការបំពេញការងារនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ខ្លះបើកមុខរបរតិចតួចពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដោយខ្លួនឯង ខ្លះក៏បន្តការសិក្សានៅសាកលវិទ្យាល័យ។ សិស្សមួយទៀត ក្នុងពេលសិក្សាឆ្នាំទី២ និងឆ្នាំទី៣នោះ ពួកគេបានសហការគ្នាបង្កើតជាគេហទំព័រទេសចរណ៍ និងទស្សនាវដ្ដីទេសចរណ៍សម្រាប់ការផ្សព្វផ្សាយពីវិស័យទេសចរណ៍ គោលដៅទេសចរណ៍នៅកម្ពុជា។

លោកស្រីនាយិកា ម៉ាថាលា ឡូ មានសំណូមពរចង់ឱ្យរាជរដ្ឋាភិបាលលើកស្ទួយនូវកិត្តិនាមវិទ្យាល័យដែលមានការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដែលលោកស្រីពោលថា «វិទ្យាល័យបែបនេះគួរតែក្លាយជាវិទ្យាល័យ Credit Best»។ ម្យ៉ាងទៀតសិស្សដែលរៀនមុខវិជ្ជាទេសចរណ៍នេះ ពួកគេត្រូវការអនុវត្តផ្ទាល់ ក៏ដូចជារកប្រាក់ចំណូលក្នុងពេលសិក្សា ដើម្បីទ្រទ្រង់ការសិក្សាផងដែរ។

នាឱកាសនោះដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការប្រកាសផ្សព្វផ្សាយកម្មវិធីសិក្សាផ្នែកអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិ ផ្នែកទេសចរណ៍ ជំនាញការិយាល័យជួរមុខ សម្រាប់ប្រើប្រាស់តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងប្រព័ន្ធបណ្តុះបណ្តាលជំនាញទេសចរណ៍ជាតិ ពោលគឺការដាក់បញ្ចូលជាលើកទី១នូវកម្មវិធីសិក្សាដល់កម្រិតវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដែលនឹងផ្តល់នូវឱកាសឱ្យសិស្សានុសិស្សអាចចាប់យកជំនាញទេសចរណ៍ទាំងនៅវ័យក្មេង និងទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដែលមានតម្លៃសមមូលនឹងសញ្ញាបត្របាក់ឌុប។

លោករដ្ឋមន្ត្រីបានបន្តថា កម្មវិធីសិក្សានេះក៏នឹងផ្ដល់ជម្រើសការងារ និងជំនាញបន្ថែមទៀតដល់យុវជនកម្ពុជាក្នុងការចាប់យកជំនាញទេសចរណ៍ ទាំងសម្រាប់យុវជនជាប់ ឬធ្លាក់បាក់ឌុប ឬក៏យុវជនដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៩។

ដើម្បីអនុវត្តនូវកម្មវិធីសិក្សាទេសចរណ៍ ជំនាញការិយាល័យជួរមុខ ឆ្នាំទី១ ទី២ និងទី៣ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ លោករដ្ឋមន្ត្រី ថោង ខុន បានផ្ដល់អនុសាសន៍ឱ្យគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងអនុវត្តស្តង់ដាកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍អាស៊ាន តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សហការរៀបចំបណ្ដុះបណ្ដាលដល់គ្រូបង្រៀន និងអ្នកវាយតម្លៃតាមសាលាដៃគូ ដែលនឹងទទួលអនុវត្តកម្មវិធីសិក្សាទេសចរណ៍នេះឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់អាស៊ាន។

លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យផ្សព្វផ្សាយ និងពិនិត្យលទ្ធភាពបង្កើនស្ថាប័នបណ្ដុះបណ្ដាលកម្មវិធីសិក្សានេះដល់សិស្សានុសិស្ស មានដូចជាសាលាវិទ្យាល័យឯកជន ឬសាលាបណ្ដុះណ្ដាលរបស់អង្គការក្រៅរដ្ឋាភិបាលនានា។

សូមបញ្ជាក់ថា កម្មវិធីសិក្សាមុខវិជ្ជាបច្ចេកទេសពាក់ព័ន្ធនឹងទេសចរណ៍ដល់សិស្សមធ្យមសិក្សាទុតិយភូមិនេះ គឺស្របទៅនឹងស្ដង់ដាបណ្ដុះបណ្ដាលអាស៊ាន ដែលកម្ពុជាជាអ្នកនាំមុខគេ៕