(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានយល់ឃើញថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមានតួនាទីសំខាន់ណាស់ ក្នុងការនាំរូបភាពពិតអំពីកម្ពុជាទៅកាន់អ្នកបោះឆ្នោត ក៏ដូចជាពិភពលោកទាំងមូល។

លោកបណ្ឌិត គិន ភា បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកឡើងថ្លែងសន្ទរកថា ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា» នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលរៀបចំឡើងដោយវិទ្យានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា៖ «នៅឆ្នាំ២០២៣ ខាងមុខ កម្ពុជានឹងរៀបចំការបោះឆ្នោតសភាលើកទី៧។ ការបោះឆ្នោតឆ្នាំ២០២៣ នឹងក្លាយជាការបោះឆ្នោតដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយសារការផ្ទេរអំណាចអាចនឹងប្រព្រឹត្តទៅ ហើយលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋអាចនឹងត្រូវបានប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយ បស្ចិមប្រទេសមួយចំនួន ដើម្បីពិពណ៌នា ឬលាបពណ៌អំពីប្រទេសកម្ពុជាផងដែរ»

ក្នុងន័យនេះ លោកបណ្ឌិត គិន ភា បានលើកឡើងថា ដូច្នេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមានតួនាទីសំខាន់ណាស់ ក្នុងការនាំរូបភាពពិតអំពីកម្ពុជាទៅកាន់អ្នកបោះឆ្នោត ក៏ដូចជាពិភពលោកទាំងមូល។

បន្ថែមពីនេះ លោកបណ្ឌិត គិន ភា បានបន្តថា ទោះបីជាកម្ពុជាបានរៀបចំការបោះឆ្នោតសភាចំនួន៦លើករួចមកហើយ ក្តីប៉ុន្តែការបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានអំពីការយកព័ត៌មានពាក់ព័ន្ធ នឹងបោះឆ្នោត មិនសូវបានរៀបចំឡើងនោះទេ ជាពិសេសក្នុង បរិបទនៃការប្រកួតប្រជែង ខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាច។

ក្នុងបរិបទនេះហើយ ទើបវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា សហការគ្នារៀបចំ សិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា» នេះឡើង។

បើតាម លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងថា អ្នកសារព័ត៌មាន ត្រូវមានផែនការជាមុន ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍នៃការបោះឆ្នោតក្នុងន័យចៀសវាងការផ្សាយព័ត៌មានមិនច្បាស់លាស់ ដូច្នេះមានតែសារព័ត៌មានអាជីពដែលមានវិជ្ជាជីវៈតែប៉ុណ្ណោះ ដែលអាចជួយដល់សង្គម កុំឱ្យមានការផ្សាយព័ត៌មានលំអៀង មិនត្រឹមត្រូវដែលនាំមានភាពចលាចល ដល់សង្គមនៅមុនពេលបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត៕