(កំពង់ស្ពឺ)៖ រថយន្តសង្គ្រោះបន្ទាន់ចំនួន៣គ្រឿង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនដល់វិទ្យាស្ថានទ័ពជើងគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋានរថគ្រោះ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ។

ពិធីប្រគល់បានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ លោកឧកញ៉ាបណ្ឌិត ជា រតនា និងលោកឧកញ៉ា សុខ វណ្ណា នៅវិទ្យាស្ថានទ័ពជើងគោក នៅខេត្ដកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់រថយន្ដនាឱកាសនេះ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ដឹកជញ្ជូនសង្រ្គោះ អ្នកជំងឺបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ លោកឧកញ៉ាបណ្ឌិត ជា រតនា ដែលកន្លងមកបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបម្រើសេវាសាធារណៈ ពិសេសផ្នែក សុខាភិបាល ដែលជាកិច្ចការសំខាន់បំផុតមិនអាចខ្វះបាន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថារថយន្តសង្គ្រោះបន្ទាន់ទាំង៣នេះ នឹងប្រើប្រាស់ឲ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា «ខ្ញុំបាទ និងភរិយាព្រមទាំងឧកញ៉ា សុខ វណ្ណា និងភរិយា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យយើងខ្ញុំបាននាំយកនូវអំណោយ រថយន្តសង្គ្រោះបន្ទាន់ទី៥៣, ៥៤, ៥៥ ដើម្បីប្រគល់ជូនវិទ្យាស្ថានកងទ័ពជើងគោក, បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋានរថក្រោះ នាព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២»។ក្នុងនោះ៖

១៖ វិទ្យាស្ថានកងទ័ពជើងគោក (មួយគ្រឿង)
២៖បញ្ជាការដ្ឋានកងទ័ពជើងទឹក(មួយគ្រឿង)
៣៖បញ្ជាការដ្ឋានរថក្រោះ (មួយគ្រឿង)

លោកឧកញ៉ាបណ្ឌិត ជា រតនា បានសង្ឃឹមថារថយន្ដនេះ នឹងបានជួយដល់ប្រជាពលរដ្ឋ ដែលត្រូវការសេវាសង្គ្រោះបន្ទាន់ជាចាំបាច់ ដើម្បីសង្គ្រោះជីវិតបានទាន់ពេលវេលា ហើយនឹងបន្ដជួយ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋបន្ថែមទៀត ក្នុងការបម្រើសេវាសុខភាពនេះឱ្យកាន់តែប្រសើរ៕