(ភ្នំពេញ)៖ ក្រសួងក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវ «ប្រព័ន្ធអនឡាញគ្រប់គ្រងសិ្ថតិ និងចំណាយផ្ទៃក្នុង» សម្រាប់ប្រមូលទិន្នន័យទេសចរផ្ទៃក្នុង និងចំណាយរបស់ភ្ញៀវទេសចរ សម្រាប់ព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ដូចជា ពិធីបុណ្យឆ្លងឆ្នាំសកល ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌជាដើម។

ការប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធអនឡាញគ្រប់គ្រងសិ្ថតិ និងចំណាយផ្ទៃក្នុងនេះធ្វើឡើងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥។

ក្នុងការដាក់ឱ្យដំណើរការប្រើប្រាស់នូវប្រព័ន្ធនេះ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ប្រព័ន្ធនេះបានរៀបចំឡើងសម្រាប់ប្រមូលទិន្នន័យទេសចរផ្ទៃក្នុង និងចំណាយរបស់ភ្ញៀវទេសចរ សម្រាប់ព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ដូចជា ពិធីបុណ្យឆ្លងឆ្នាំសកល ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ក្រសួងទេសចរណ៍ក៏បានបញ្ជាក់បន្ថែមថា ប្រព័ន្ធអនឡាញគ្រប់គ្រងសិ្ថតិ និងចំណាយផ្ទៃក្នុងនេះនឹងក្លាយទៅជាឧបករណ៍ឌីជីថលមួយ សម្រាប់សម្រួលការងារកត់ត្រានូវសិ្ថតិទេសចរចំណាយទេសចរផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ៕