(ភ្នំពេញ)៖ កម្ពុជាបានជួបវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារអស់រយៈពេលប្រមាណ ៣ទសវត្សរ៍ ក្រោយពេលនៃការធ្វើរដ្ឋប្រហារដោយខុសច្បាប់នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ភ្លើងសង្គ្រាមដែលបង្កាត់ឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានឆេះរោលរាលបំផ្លិចបំផ្លាញនាវាកម្ពុជាស្ទើរក្លាយជាផេះផង់។ ភ្លើងសង្គ្រាមនេះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ថ្ងៃដែលមេដឹកនាំខ្មែរក្រហម មកសុំរួមរស់នឹងរាជរដ្ឋាភិបាល។

ភ្លើងសង្គ្រាមនេះ បានផុតរលត់ទៅក្រោមការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។ ការបិទបញ្ចប់សង្គ្រាមមួយនេះ វាបានក្លាយជាពេលវេលាដែលកម្ពុជា រកឃើញនូវសុខសន្តិភាព រកឃើញនូវការឯកភាពជាតិ និងទឹកដីជាថ្មី ក្រោយការបែកបាក់ចក្រភពអង្គរ ដែលមានរយៈពេលយ៉ាងហោចណាស់៥០០ឆ្នាំ។

ទោះបីយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមមួយត្រូវបានអនុវត្តឡើងដើម្បីនាំក្រុមខ្មែរក្រហមមកចូលរួមជាមួយប្រទេសជាតិវិញ គឺ ១៖ ការធានានូវអាយុជីវិត និងរូបរាងកាយ, ២៖ ធានាចំពោះអាជីព និងមុខរបរ និង៣៖ ធានាចំពោះកម្មសិទ្ធិ ចលនទ្រព្យ និងអចលនទ្រព្យ។

គំនិតផ្តួចផ្តើមនេះបានក្លាយទៅជាយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យមានការជឿទុកចិត្តពីក្រុមខ្មែរក្រហម ហើយជាបន្តបន្ទាប់មេដឹកនាំខ្មែរក្រហម និងយោធាខ្មែរក្រហម នៅតំបន់ភ្នំវល្លិ៍ ម៉ាឡៃ ប៉ៃលិន សំឡូត បានធ្វើសមាហរណកម្ម និងចុះចូល។ នួន ជា និង ខៀវ សំផន រួមទាំងមេដឹកនាំយោធានៅតំបន់អន្លង់វែងដែលជាតំបន់រឹងមំាចុងក្រោយរបស់ខ្មែរក្រហម បានចុះចូលជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេច ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ការចុះចូលនេះគឺជាការបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលមានរយៈពេលប្រមាណពីរទសវត្សរ៍។

វិមានឈ្នះ-ឈ្នះ ត្រូវបានកសាងឡើង និងសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ មកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប៥ឆ្នាំនៃវិមានឈ្នះ​-ឈ្នះ និងមានរយៈពេល២៤ឆ្នាំ បន្ទាប់ពីការចុះចូលរបស់មេដឹកនាំខ្មែរក្រហម និងកម្លាំងខ្មែរក្រហមទាំងអស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ វិមានឈ្នះ-ឈ្នះ តំណាងឱ្យសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលប្រជាជនកម្ពុជាត្រូវសិក្សា និងយល់ដឹង។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារប្រវត្តិសាស្រ្តយោធា បានបញ្ជាក់ពីគុណតម្លៃដ៏ឧត្តុង្គឧត្តម របស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព ដូច្នេះអត្ថន័យនៃនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន គឺមានការលំបាកយ៉ាងខ្លាំងទម្រាំធ្វើឱ្យមានតុភូមិកម្ពុជា មានសុខសន្តិភាពរហូតបច្ចុប្បន្ននេះ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានគូសបញ្ជាក់ថា ប្រវត្តិនៃមេរៀននាំមកនូវសុខសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន នឹងត្រូវបានចែករំលែក ចងចាំ និងត្រូវកំណត់ឱ្យបានគ្រប់គ្នាសម្រាប់ជាមូលដ្ឋាននៃការការពារសន្តិភាពកម្ពុជា នាពេលអនាគតបន្តទៀត។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឱ្យដឹងថា តំបន់ប្រវត្តិសាស្ត្រយោធា ដែលបានរៀបចំឡើងវិញនេះ បានដើរតួនាទី និងរួមចំណែក ក្នុងការការពារអធិបតេយ្យបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែន៕

សូមទស្សនាវីដេអូបទសម្ភាសទាំងស្រុងដូចខាងក្រោម៖