(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រគល់ម៉ូតូដល់សិស្ស ដែលបានជាប់និទ្ទេស A ចំនួន២២នាក់ នៅក្នុងសម័យប្រឡងសញ្ញាបត្រទុតិយភូមិថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២តាមការសន្យា។ ការប្រគល់នេះបានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្នុងក្របខណ្ឌខេត្ត នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ។

លោក វ៉ី សំណាង បានថ្លែងថា ការប្រគល់ម៉ូតូម្នាក់មួយគ្រឿងនេះ គឺជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្ស។ មួយវិញទៀត ក៏បង្ហាញពីការគិតគូរនិងយកចិត្តទុកបន្ថែមទៀត ដល់មធ្យោបាយធ្វើដំណើរ ក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាផងដែរ។ ដូច្នេះម៉ូតូម្នាក់មួយគ្រឿង នឹងដឹកសិស្សានុសិស្សទៅក្រេបយកចំណេះបន្ថែមទៀតពីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យនៅថ្នាក់មហាវិទ្យាល័យ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាធនធានមនុស្ស ដែលពោរពេញដោយដំណេះដឹង។

អភិបាលខេត្តកំពង់ស្ពឺ បានកោតសរសើរចំពោះកូនក្មួយទាំងអស់ ដែលបានលើកកម្ពស់កិត្តិយសខ្លួនឯង គ្រួសារ និងសង្គមជាតិ ពិសេសខេត្តកំពង់ស្ពឺ។ មិនតែប៉ុណ្ណោះបានបង្ហាញឲ្យមហាជនដឹងថា កូនចៅអ្នកកំពង់ស្ពឺ គឺពិតជាមានឈាមជ័រជាអ្នកសិក្សារៀនសូត្រ និងឈាមជ័រជាអ្នកប្រាជ្ញពិតៗ។ ទន្ទឹមនឹងនេះ ក៏ទាមទារការចូលរួមចំណែកយ៉ាងសំខាន់ ពីលោកគ្រូ អ្នកគ្រូ គ្រប់កម្រិតសិក្សាដែលបានយកចិត្តទុកដាក់ក្នុងបង្រៀន ផ្តល់ចំណេះដឹងផងដែរ។

លោកគ្រូ អ្នកគ្រូជាដើមចម ដែលធ្វើឲ្យកូនក្មួយមានថ្ងៃនេះ ដូច្នេះលោកគ្រូ អ្នកគ្រូ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្ស។ ការខិតខំអំណត់ ព្យាយាមក្នុងការបំពេញភារកិច្ច ជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរចំណេះដឹង ព្រមទាំងទូន្មាន សិស្សានុសិស្សឲ្យធ្វើអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ គោរពចាស់ទុំ តាមគំនិតថ្មី នៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម។ គ្រូបង្រៀនបានរួមចំណែកកសាងសិស្សានុសិស្ស ឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកម្លាំងចលករ នៃការអភិវឌ្ឍសង្គមជាតិ។

លោក វ៉ី សំណាង បានគូសបញ្ជាក់ថា ដោយមើលឃើញពីគុណបំណាច់ នៃការលះបង់យ៉ាងធំធេងរបស់លោកគ្រូ អ្នកគ្រូ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានយកចិត្តទុកដាក់ និងគិតគូរផងដែរ ដោយធ្វើការលើកកម្ពស់ ជីវភាព និងគុណវុឌ្ឍិរបស់គ្រូបង្រៀន សម្រាប់ចូលរួមចំណែកពង្រឹង គុណភាពអប់រំ ដូចមានចែង នៅក្នុងផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៩-២០២៣ ដែលមានបំណងចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ឲ្យមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០៕