(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ២៥៣រូប ក្នុងចំណោម ៣៧៣រូប យល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ទៀតថា នាពេលកន្លងមក មានអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ មួយចំនួន បានគោរពស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យជួយអន្តរាគមន៍ ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ស្តីពីការងារ ចំពោះអតីតបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងាររួម និងស្វែងរកឱកាសការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលទៀងទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

នាពេលកន្លងមក មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន ៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។

គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកចំនួន៤រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិកដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយ តាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។ ដូចនេះ គិតមកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន ២៥៣រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិក ដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១២០រូប។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមខ្លួន ដើម្បីជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មី សម្រាប់អតីតបុគ្គលិកផងដែរ៕