(ភ្នំពេញ)៖ ក្រសួងទេសចរណ៍រំពឹងពីកំណើនភ្ញៀវទេសចរនៅឆ្នាំ២០២៣ខាងមុខ ប៉ុន្តែដើម្បីទាក់ទាញកំណើនទាំងនេះ ក្រសួងក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ នៅចុងឆ្នាំ២០២២នេះម្ដងទៀត សំដៅត្រៀមលក្ខណៈនិងអនុវត្តឱ្យបានប្រសើរក្នុងការជំរុញដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។

វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ខណៈភាគីដែលទទួលបានការបណ្ដុះបណ្ដាលនេះ រួមមាន មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងទេសចរណ៍ មន្ត្រីមកពីមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត ព្រមទាំងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដែលត្រូវចូលរួមអនុវត្តវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ សរុបប្រមាណ៧០នាក់។

លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅនិងម្ហូបអាហារ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានរៀបចំ និងស្នើសុំការអនុម័តដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នូវវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។

លោកបានបន្តថា វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងនេះផ្ដោតលើគោលនយោបាយចំនួន៥ ស្មើនឹង៣៥វិធានការ រួមមាន៖ ទី១-ការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរផ្ទៃក្នុង, ទី២-ការជំរុញដំណើរការឡើងវិញរបស់អាជីវកម្ម-ប្រតិបត្តិករទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី, ទី៣-ការបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរផ្ទៃក្នុង, ទី៤-អភិវឌ្ឍន៍ផលិតផលទេសចរណ៍បម្រើឱ្យចលនាទេសចរណ៍ផ្ទៃក្នុង, និង ទី៥-ការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងជាសាធារណៈ។

លោក គឹម សេរីរដ្ឋ បានបន្តទៀតថា គោលបំណង និងគោលដៅនៃការដាក់ចេញវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងនេះ គឺដើម្បីជំរុញឱ្យមានចលនាទេសចរណ៍ក្នុងស្រុកបន្ថែមទៀត ពិសេសក្នុងនៅឆ្នាំ២០២៣ខាងមុខ ពីព្រោះការអនុវត្តនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ឃើញថាទទួលបានលទ្ធផលគួរជាទីពេញចិត្ត ជាមួយនឹងការងើបឡើងវិញនូវចំនួនទេសចរក្នុងស្រុករហូតដល់ជាង១៣លាននាក់ក្នុងឆ្នាំ២០២២នេះ។

លោកប្រធាននាយកដ្ឋានបានបន្ថែមថា តាមរយៈការអនុវត្តកន្លងមក គឺទទួលបានផ្លែផ្កាចំពោះការងារមួយចំនួន ដូចជា គោលដៅទេសចរណ៍មានការអភិវឌ្ឍបន្ថែម ផលិតផលទេសចរណ៍ត្រូវបានពង្រីកកាន់តែច្រើនដែលជាជម្រើសសម្រាប់ភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាភ្ញៀវមកពីក្រៅប្រទេស មានហេដ្ឋារចនាសម្ពន្ធគ្រប់គ្រាន់ដែលភ្ញៀវអាចធ្វើដំណើរទៅដល់ គ្រប់សេវាកម្មទាំងអស់មានតម្លៃសមរម្យនិងផ្ដល់នូវទំនុកចិត្តជូនភ្ញៀវ មានមធ្យោបាយងាយស្រួលដែលភ្ញៀវអាចស្វែងរកគោលដៅទាំងអស់នោះ ភ្ញៀវទេសចរកាន់តែងាយស្រួលចាយថវិកាតាមរយៈប្រព័ន្ធទូទាត់ឌីជីថលជាដើម។ ដូច្នេះហើយទើបក្រសួងទេសចរណ៍ខិតខំបណ្ដុះបណ្ដាលបញ្ជ្រាបដល់អ្នកពាក់ព័ន្ធខាងលើ ដើម្បីជំរុញការអនុវត្តកិច្ចការងារទាំងនេះឱ្យបានល្អបន្ថែមទៀតសម្រាប់ឆ្នាំ២០២៣ខាងមុខ ហើយគោលដៅចម្បងគឺដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងបង្កើនការចំណាយរបស់ភ្ញៀវទេសចរ។

នាពិធីបិទវគ្គបណ្ដុះបណ្ដាលនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួទេសចរណ៍ និងជាអនុប្រធានប្រចាំការនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងជាតំណាងលោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, បង្កើនចំណូលជាតិ, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាននិងនិងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា ត្រឹមរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរផ្ទៃក្នុង១៣.៣លាននាក់ ក្នុងនោះរួមមានទេសចរជាតិប្រមាណ១១.៦៥ លាននាក់ កើនឡើង១៨០.៧% និងទេសចរបរទេសប្រមាណ១.៦៤លាននាក់ កើនឡើង ៦០១.៧%។

តាមការព្យាករណ៍ឆ្នាំ២០២៣ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិពី៣-៤លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ១២លាននាក់។ យោងតាមស្ថានភាពបច្ចុប្បន្ន កម្ពុជារំពឹងថាទទួលបានទេសចរអន្តរជាតិកម្រិតដូចមុនវិបត្តិកូវីដ-១៩ ឆ្នាំ២០១៩ យ៉ាងយូរត្រឹមឆ្នាំ២០២៦៕