(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នាព្រឹកថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២២ សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញ និងសេវា នៅទីស្នាក់ការសភាពាណិជ្ជកម្ម និងនៅអគ្គនាយកដ្ឋាន ក.ប.ប. ដែលមានអ្នកចូលរួមប្រមាណ២៥០នាក់ ដែលសុទ្ធសឹងជាប្រធានក្រុមហ៊ុន និងអ្នកជំនួញដែលធ្វើធុរកិច្ចក្នុងប្រទេសកម្ពុជា។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញ និងសេវា ដែលរាជរដ្ឋាភិបាល ទើបប្រកាសឲ្យប្រើកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ដើម្បីលើកកម្ពស់ និងជំរុញកិច្ចការពារអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា តាមរយៈការផ្សាយពាណិជ្ជកម្ម ដោយស្មោះត្រង់ និងសុចរិត ព្រមទាំងលើកទឹកចិត្តឲ្យអ្នកធ្វើធុរកិច្ច ផ្តោតយកចិត្តទុក ដាក់លើគុណភាព នៃផលិតផលទំនិញនិងសេវា ដែលត្រូវផ្តល់ជូនអតិថិជន និងអ្នកប្រើប្រាស់ជាចម្បង ជាមួយការផ្សាយពាណិជ្ជកម្មមួយ ដ៏ត្រឹមត្រូវស្រប តាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

ខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យនេះ រួមមាន៖

*ទី១៖ ការបង្កើតនូវយន្តការដោយស្ម័គ្រចិត្ត ចំពោះបុគ្គលផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញ និង/ឬសេវា ក្នុងការស្នើសុំលិខិតបញ្ជាក់ អនុលោមភាព នៃការផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញនិង/ឬសេវា លើអត្ថបទផ្សាយពាណិជ្ជកម្មរបស់ខ្លួន ពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។ នេះមានន័យថា បុគ្គលផ្សាយពាណិជ្ជកម្មមានជម្រើស ក្នុងការមិនស្នើសុំលិខិតបញ្ជាក់ អនុលោមភាព នៃអត្ថបទផ្សាយរបស់ខ្លួនបាន ប៉ុន្តែត្រូវធានាថាអត្ថបទ ឬគម្រោង នៃការផ្សាយពាណិជ្ជកម្ម ឬស្ពត នៃការផ្សាយពាណិជ្ជកម្ម ទាំងនោះ ស្របតាមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ឬបទប្បញ្ញត្តិជាធរមាន ដើម្បីចៀសវាងការបំពានច្បាប់ណាមួយ កើតឡើងជាយថាហេតុ។

*ទី២៖ ការកំណត់នូវកាតព្វកិច្ច ចំពោះការផ្សាយពាណិជ្ជកម្ម ដោយផ្ដល់រង្វាន់ ដែលត្រូវគោរពតាមលក្ខខណ្ឌតម្រូវ ក្នុងការផ្តល់ព័ត៌មាន និងឯកសារបញ្ជាក់ មកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលរួមមាន ផលិតផលទំនិញសរុប ដែលមានរង្វាន់ ប្រភេទរង្វាន់ និងចំនួនរង្វាន់សរុប សុពលភាព នៃការផ្ដល់រង្វាន់ ទីតាំងជាក់លាក់ដែលត្រូវផ្តល់រង្វាន់ និងអត្តសញ្ញាណអ្នកឈ្នះរង្វាន់ និងអ្នកត្រូវរង្វាន់ ជាប្រចាំខែ និងប្រចាំឆ្នាំ។

*ទី៣៖ ការផ្តល់សមត្ថកិច្ច ដល់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងការចេញលិខិតបញ្ជាក់អនុលោមភាព នៃការផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញនិង/ឬសេវា ព្រមទាំងត្រួតពិនិត្យ និងតាមដាននូវរាល់ការ ផ្សាយពាណិជ្ជកម្ម ដែលមិនមានអនុលោមភាព ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕