(ភ្នំពេញ)៖​ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថានៅថ្ងៃទី២៩ ធ្នូ ឆ្នាំ ២០២២ នេះជាទិវារំឭកខួបលើកទី២៤ នៃ «សន្តិភាព» របស់កម្ពុជា ដែលបានបិទបញ្ចប់សង្រ្គាមទាំងស្រុងនាឆ្នាំ១៩៩៨ ហើយបានធ្វើឲ្យមាតុភូមិ និងប្រជាជាតិខ្មែរយើងទាំងមូល មានភាពសុខសាន្ដដ៏ស្រស់បវរ និងការរស់នៅយ៉ាងសប្បាយរីករាយនេះ។

សរឲ្យឃើញថា «សន្តិភាព» ពិតជាកំពុងស្ថិតក្នុងសន្តានចិត្ត ស្មារតីនិងសតិអារម្មណ៍ខ្មែរយើងគ្រប់ៗរូប ដែលជាការស្រេកឃ្លានចង់រស់នៅដោយភាពសុខដុមរមនា។

ព្រោះកន្លងមក មាតុភូមិយើងបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម និងការបែកបាក់ជាតិអស់រយៈពេលប្រមាណ៥០០ឆ្នាំ និងស្ទើរតែបាត់បង់ឈ្មោះពីផែនទីពិភពលោក ពិសេសសង្គ្រាមដែលបានឆាបឆេះពីរដ្ឋប្រហារទម្លាក់សម្តេចឪព្រះបរមរតនកោដ្ឋពីឆ្នាំ១៩៧០-១៩៧៩ បានបង្កនូវវិនាសសកម្មនិងសោកនាដ្ឋកម្ម មហន្តរាយបាត់បង់ជីវិតមនុស្សជាង២លាននាក់ក្នុងរបបប្រល័យពូជសាសន៌ ប៉ុល ពត។

លោក រត្ន័ សណ្ដាប់ បន្ដថា ចំពោះវិមាននយោបាយឈ្ន-ឈ្នះ ជានិមិត្តរូប «សន្ដិភាព» ដែលបានផុសរូបរាងទ្បើងយ៉ាងខ្ពស់ត្រដែតដ៏ស្កឹមស្កៃនៅតំបន់អភិវឌ្ឃន៍ថ្មីជាយរាជធានីភ្នំពេញនេះ គឺមិនខុសពីវិមាននៃការគោរពដឹងគុណ ដល់បុព្វបុរសនៅទីក្រុងរ៉ូមប្រទេសអ៉ីតាលី សហគមអឺរ៉ុប ហៅថា «វិមានអាសន:នៃមាតុភូមិ-អាល់តារ៉េ ដេល្លា ប៉ាទ្រា -Altare della Patria» ជាវិមានថ្មម៉ាបដ៏ប្រណិត បានសាងសង់ឡើងនៅឆ្នាំ១៨៨៥ ជានិមិត្តរូបនៃកម្លាំងជ័យជម្នះនិង «សន្តិភាព» ក្នុងការរស់ទ្បើងវិញនៃប្រវត្តិសាស្ត្ររបស់ចក្រភពរ៉ូម៉ាំងនោះទេ។

ក្នុងសង្គមខ្មែរគ្រប់កាលៈទេសៈ គ្រោះមហន្តរាយដ៏កាចសាហាវកន្លងមក ពីមួយដំណាក់កាលទៅមួយដំណាក់កាល បានក្រាលដោយឈាម ទឹកភ្នែក និងគំនរឆ្អឹង រាយប៉ាយស្ទើរក្លាយជាគំនរភ្នំគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នស្លាកស្នាមនៃការឈឺចាប់ខ្លោចផ្សានិងក្រៀមក្រំពីអតីតកាល បានជំនួសមកវិញនូវស្នាមញញឹមយ៉ាងស្រស់បំព្រងនៅលើទឹកដីអង្គរដ៏ស្រស់បវរនៃយើងនេះគឺជាក្តីស្រម័យនិងបំណងប្រាថ្នារបស់ប្រជាជាតិខ្មែរយើងគ្រប់ៗរូប ហើយរាជរដ្ឋាភិបាលចង់ឲ្យស្នាមញញឹមដែលប្រជាជាតិខ្មែរកំពុងមាននេះចាក់ឫសជាប់ក្នុងសង្គមជាតិយើងជារៀងដរាប។

ដូចនេះដើម្បីរក្សាបាននូវមរតក «សន្ដិភាព» ដ៏ប្រពៃថ្លៃថ្លានេះ គឺយើងចាំបាច់ត្រូវខំនាំគ្នាថែរក្សា «សន្ដិភាព»​ ឲ្យបានគង់វង្សផង និងបំបាត់សង្រ្គាមផងដែរ។ ព្រោះថាគ្មានការរក្សាបានសន្ដិភាពណា ដោយគ្មានការប្រុងប្រយ័ត្ននោះទេ។ ហេតុនេះយើងត្រូវរួមចំណែកឲ្យបានមុតមាំនិងខ្លាំងក្លាបំផុត ក្នុងកិច្ចការពារ «សន្ដិភាព»នេះ ព្រោះវាជាបញ្ហានិងជាសេចក្តីសុខរបស់យើងទាំងអស់គ្នា។

លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងបរិការណ៍នេះ យើងជាប្រជាជាតិខ្មែរគ្រប់ៗគ្នា គឺជាសសរទ្រូងនិងជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ «សន្តិភាព» ដើម្បីបញ្ចៀសសង្គ្រាម។ ដូចនេះចំពោះមុខ យើងត្រូវមានភាពទទួលខុសត្រូវខ្ពស់ដើម្បីការពារ កសាងមាតុភូមិដ៏ល្អផូរផង់ជាទីស្នេហារបស់យើង ពីព្រោះទឹកដីនិងប្រជាជាតិដ៏កម្សត់មួយនេះ បានឆ្លងកាត់នូវទុក្ខវេទនានៃសង្រ្គាមរ៉ាំរ៉ៃដែលមិនអាចគណនាអស់។

ក្នុងស្មារតីនេះ ចំពោះភារកិច្ចដ៏ចម្បងយ៉ាងពិសិដ្ឋរបស់យើងទាំងអស់គ្នា គឺការប្រឆាំងនូវគោលនយោបាយភូតភរ បោកបញ្ឆោតរបស់អ្នកនយោបាយក្លែងក្លាយ ដែលជារឿយៗតែងតែញុះញង់និងរុញច្រានសង្គមជាតិឲ្យធ្លាក់ចូលក្នុងវិនាសសកម្មសង្គ្រាម។ ក្នុងករណីនេះ បើយើងលង់អារម្មណ៍ដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយទៅលើវោហាសាស្ត្រ ឬនយោបាយដែលគ្មានការទទួលខុសត្រូវនោះទេ គឺអាចនាំមកនូវគ្រោះថ្នាក់ដ៏ធំធេងដល់សង្គមជាតិទាំងមូលតែមួយប៉ប្រិចភ្នែក។

ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា ហេតុនេះយើងទាំងអស់គ្នាត្រូវដឹងថា «សត្រូវរបស់សន្ដិភាពគឺសង្គ្រាម»។ បានសេចក្ដីថា «សន្តិភាពជានគរព្រះ រីឯសង្រ្គាមជានគរមា ឬ សន្តិភាពជាឋានសួគ៌ រីឯសង្រ្គាមជាឋាននរក»។ សព្វថ្ងៃ សង្រ្គាមនយោបាយរបស់នគរមា កំពុងបំពុលប្រជាជាតិខ្មែរយើង ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្លែងក្លាយដោយសាបព្រួសនូវការបោកបញ្ឆោតបំភ័ន្តមតិប្រជាជាតិខ្មែរ ដោយមួលបង្កាច់គ្រប់មធ្យោបាយ និងគ្រប់រូបភាពដើម្បីប្រឆាំងនឹងនគរព្រះ ក្នុងគោលដៅបំផ្លាញនូវការអភិវឌ្ឍនិងភាពសុខសាន្តរបស់សង្គមជាតិយើង។

ដូច្នេះយើងជាប្រជាជាតិខ្មែរត្រូវឈ្លាសវៃ ត្រូវខិតខំរៀនសូត្រ និងស្វែងយល់អំពីមេរៀនប្រវត្តិសាស្ត្រដ៏កម្សត់ពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាលទម្រាំបាន«សន្តិភាព» ការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនាពេញលេញដូចសព្វថ្ងៃនេះ ពិសេសត្រូវស្វែងយល់ពីទង្វើនិងគំនិតនយោបាយរបស់នគរមា «សង្គ្រាម» ដែលប្រឆាំងនឹងនគរព្រះ «សន្តិភាព»៕