(ភ្នំពេញ)៖ តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានជួបសំណេះសំណាល ជាមួយលោកឧកញ៉ា ផាត់ ប៊ុន ប្រធានក្រុមហ៊ុន BPC Group និងលោកស្រី ក្នុងឱកាសដែលលោកឧកញ៉ា បាននាំយកថវិកាចំនួន ៥០,០០០ដុល្លារអាមេរិក បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ការបន្តគាំទ្រ និងបរិច្ចាគពីសំណាក់លោកឧកញ៉ា និងក្រុមគ្រួសារនៅថ្ងៃនេះ ក៏ដូចជាការចូលរួមពីសប្បុរសជននានា នាពេលកន្លងមក ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សានិរន្តរភាព នៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង ដើម្បីបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង ដែលក្នុងរយៈពេល៣០ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផាបានសង្គ្រោះជីវិតកុមាររាប់លាននាក់នៅព្រះរាជាណាចក្រកម្ពុជា។

លោកឧកញ៉ា ផាត់ ប៊ុន បានលើកឡើងថា លោក និងក្រុមគ្រួសារនឹងនៅតែបន្តចូលរួមគាំទ្រយ៉ាងរីករាយ ក្នុងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា នាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ជំនួសឲ្យអាណាព្យាបាលទារក និងកុមារនៅកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកឧកញ៉ា និងលោកស្រី ព្រមទាំងបុត្រ ចំពោះទឹកចិត្តសប្បុរសធម៌នេះ៕