(កំពង់ស្ពឺ)៖ កត្តាសុខសន្តិភាព និងគោលនយោបាយអភិវឌ្ឍន៍ដ៏ច្បាស់ លាស់របស់រាជរដ្ឋាភិបាល បានធ្វើឱ្យខេត្តកំពង់ស្ពឺ ក្លាយទៅជាគោលដៅវិនិយោគដ៏មានសក្តានុពល ហើយក៏បានជួយឱ្យជីវភាពរបស់អ្នកខេត្តកំពង់ស្ពឺ បានល្អប្រសើរ ប្រែមុខមាត់ថ្មី ជាពិសេសគេចផុតពីដំណៀលកាលពីអតីតកាលថា ជាអ្នកក្រខ្សត់ និងអត់ចំណេះដឹងជាដើម។

បើគេរំលឹកដល់អតីតកាលខេត្តកំពង់ស្ពឺ បើទោះបីស្ថិតមិនឆ្ងាយពី រាជធានីភ្នំពេញក៏ដោយចុះ តែខេត្តនេះត្រូវបានគេចាត់ទុកជាខេត្តមួយ ហាក់នៅឆ្ងាយ និងទីចុងកាត់មាត់ញក។ រហូតមានការដក់ជាប់ក្នុងអារម្មណ៍មនុស្សមួយចំនួន នៅពេលគេនិយាយបង្អាប់លេងសើចនឹងនរណាម្នាក់មិនសូវយល់ពីរបៀបរបបរបស់អ្នកស៊ីវិល័យ ឬអ្នករស់នៅក្នុងទីក្រុងជាដើមនោះ គេទាញភ្ជាប់អ្នកនោះ ជាអ្នកមកពីខេត្តកំពង់ស្ពឺថែមទៀតផង។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានគូសរំលេចថា ស្ថានភាពខេត្តកំពង់ស្ពឺ ក៏ដូចជាពលរដ្ឋខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ន មិនដូចអតីតកាលទៀតនោះឡើយ។ ខេត្តកំពង់ បច្ចុប្បន្នបានប្រែមុខមាត់ថ្មី មានការរីកចម្រើនខ្លាំង ហើយជីវភាពរបស់ប្រជាពលរដ្ឋក៏ល្អប្រសើរ មិនដូចពាក្យដំណៀលពីអតីតកាលទៀតនោះទេ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់បែបនេះ «ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខេត្តកំពង់ស្ពឺ ដែលជាតំបន់ប្រយុទ្ធកាល ពីសម័យសង្គ្រាម មកដល់ពេលបច្ចុប្បន្ន បានប្រែក្លាយជាតំបន់ឧស្សាហកម្មយ៉ាងច្រើនកុះករ ដែលជាក់ស្តែងមកដល់ពេលនេះ ខេត្តកំពង់ស្ពឺ មានរោងចក្របានបើកដំណើរការ និងកំពុងមានការទាក់ទង សុំបើកដំណើរការជាច្រើនកន្លែង»

លោក វ៉ី សំណាង បានបន្ថែមថា «បច្ចុប្បន្ននេះ មានរោងចក្រ និងគម្រោងបើករោងចក្រជាច្រើន បានត្រៀមបើកដំណើរការ។ មិនមានការព្រួយបារម្មណ៍រឿងខ្វះរោងចក្រឱ្យកម្មករធ្វើនោះទេ មានតែខ្លាចរឿងខ្វះកម្លាំងពលកម្មដើម្បីធ្វើការទៅវិញនោះទេ»

បើតាមលោក​អភិបាលខេត្ត បច្ចុប្បន្នខេត្តកំពង់ស្ពឺ​ មានរោងចក្រសរុបប្រមាណ ៣៨១រោងចក្រ។ តាមរយៈរោងចក្រទាំងនេះ បានផ្តល់ការងារជិត ១៦ម៉ឺននាក់ ដែលភាគច្រើនសុទ្ធសឹងជាពលរដ្ឋខេត្តកំពង់ស្ពឺ។ តាមរយៈវត្តមានរោងចក្រ សហគ្រាសទាំងនេះ បានក្លាយទៅជាការដ្ឋានការងារ និងជាប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋ ហើយជួយជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ។

«កាលពីមុនអ្នកកំពង់ស្ពឺយើង អត់មានឱកាសធ្វើការនៅក្នុងខេត្តយើងទេ គឺត្រូវវេចបាយ វេចអង្ករ វេចឆ្នាំងដើរទៅរកការងារនៅខេត្តផ្សេងៗ។ បច្ចុប្បន្ននេះ រោងចក្រសហគ្រាសយើងនៅនេះ ផ្តល់ការងារជូនប្រជាពលរដ្ឋធ្វើនៅក្បែរផ្ទះ​ មានប្រាក់ចំណូល និងមានជីវភាពកាន់តែប្រសើរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វ៉ី សំណាង។

ជាមួយនឹងការទទួលបានការវិនិយោគបង្កើតរោងចក្រ សហគ្រាសកាន់តែច្រើននៅក្នុងខេត្តនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យបន្តប្រឹងប្រែងធ្វើការងារ ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ មិនត្រូវបង្កបាតុភាពណាមួយនាំឱ្យអ្នកវិនិយោគថ្នាំងថ្នាក់ចិត្ត ហើយបាត់បង់ជំនឿចិត្តវិនិយោគនៅក្នុងខេត្តនោះឡើយ។

កត្តាសំខាន់មួយទៀត ដែលលោកអភិបាលខេត្ត អំពាវនាវឱ្យប្រជាពលរដ្ឋខេត្តកំពង់ស្ពឺរួមគ្នារក្សាឱ្យបានដែរនោះ គឺកត្តាសុខសន្តិភាព។ លោកអភិបាលខេត្ត បានលើកឡើងថា សុខសន្តិភាពដែលរកបានមកដោយលំបាកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺមានសារៈសំខាន់ និងចាំបាច់ខ្លាំងណាស់។ បើគ្មានសុខសន្តិភាព និងស្ថេរភាព គឺគ្មានអ្នកវិនិយោគណាមកបណ្តាក់ទុនរកស៊ីនោះឡើយ។

សម្រាប់លោក វ៉ី សំណាង ដើម្បីរក្សាបានសុខសន្តិភាពលើផ្ទៃប្រទេសបាន គឺត្រូវរួមគ្នារក្សាវត្តមានសម្តេចតេជោ ហ៊ុន សែន​ តាមរយៈសន្លឹកឆ្នោតដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តងនោះ៕