(ភ្នំពេញ)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងក្រុមគ្រួសារសព មហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ បានថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិរខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពមហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ។

សារលិខិតរបស់លោកជំទាវ ពុំ ចន្ទីនី បានបញ្ជាក់ថា «បពិត្រ ហ្លួងម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខ្ញុំម្ចាស់ និងក្រុមគ្រួសារ មានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ប្រកបដោយមហាកិត្តិយសបំផុត ចំពោះព្រះរាជសារ នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយខ្ញុំម្ចាស់ និងក្រុមគ្រួសារ ចំពោះមរណភាព មហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ ម្តាយខ្ញុំម្ចាស់។

ខ្ញុំម្ចាស់ សូមថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលតែងតែមានព្រះរាជហឫទ័យ យកចិត្តទុកដាក់ដល់ខ្ញុំម្ចាស់ និងក្រុមគ្រួសារ ព្រមទាំងប្រជានុរាស្ត្រជាកូនចៅ ចៅទូតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំម្ចាស់ សូមលំឱនកាយលើកហត្ថវរវន្ទាបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ ពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ សូមអភិបាលប្រោះព្រំគ្រងរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ស្ដេចព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។

សូម សម្តេចព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវ កតញ្ញូកតវេទិតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់»៕