(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមិថុនានេះ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេម រភូមិន្ទ និងលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា នឹងចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហការរៀបចំចងក្រង និងបណ្ដុះបណ្ដាល ព្រមទាំងបញ្ចូលក្បាច់គុនបុរាណល្បុក្កតោ ប្រដាល់សេរី និងយុទ្ធគុនខម ទៅក្នុងវិស័យកងយោធពលខេមរភូមិន្ទ។

យោងតាមមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ពិធីចុះ MOU រវាងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងសហព័ន្ធក្បាច់បុរាណខ្មែរ រួមមានកីឡាល្បុក្កតោ កីឡាប្រដាល់ និងសមាគមយុទ្ធក្រមខមថ្ងៃនេះ នឹងធ្វើឡើងនៅទីស្នាក់ការ NOCC ដោយមានការចូលរួមធ្វើជាសាក្សពីសំណាក់លោកបណ្ឌិត ថោង ខុន ប្រធាន NOCC និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយកទីចាត់ការហ្វឹកហ្វឺន នៃកងយោធពលខេមរភូមិន្ទ រួមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនផងដែរ។

គួរបញ្ជាក់ថា នេះគឺជំហានជោគជ័យមួយទៀត សម្រាប់កីឡាល្បុក្កតោ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសជាផ្លូវការ ដោយបញ្ចូលក្បាច់គុនខ្មែរ ទៅក្នុងកម្មវិធីហ្វឹកហាត់របស់កងយោធពលខេមរភូមិន្ទ រហូតមានការចុះ MOU ថ្ងៃនេះ ដើម្បីផ្សព្វផ្សាយពីកីឡាល្បុក្កតោ ឲ្យបានកាន់តែទូលំទូលាយ ក៏ដូចជាបំផុសស្មារតីប្រជាពលរដ្ឋខ្មែរគ្រប់រូប ឲ្យចូលរួមថែរក្សា និងអភិរក្សក្បាច់គុន ដែលជាកេរ្ដិ៍ដំណែលពីបុព្វបុរសខ្មែរ នេះផងដែរ៕