(រតនគីរី)៖ ព្រះចៅអធិការ វត្តគិរីរតនារាម (ហៅវត្ត ត្រពាំងក្រហម) ព្រមទាំងលោក អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត ពុទ្ធបរិស័ទពីទីក្រុងភ្នំពេញ និងពុទ្ធបរិស័ទ ជិតឆ្ងាយ ទាំងអស់ បានស្រុះស្រួលគ្នា ជាឯកច្ឆ័ន្ធ ផ្តួចផ្តើមធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីដង្ហែរចូលទៅកាន់ទីអារាម វត្តគិរីរតនារាម ស្ថិតនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី។

ពិធីបុណ្យនេះ ធ្វើឡើងដើម្បីប្រមូលបច្ច័យយកកសាងព្រះវិហារ ដែលមានបណ្តោយ ២៤ម៉ែត្រx ទទឹង១៣ម៉ែត្រ កម្ពស់ ៩ម៉ែត្រ។ កម្មវិធីបុណ្យ ធ្វើឡើងរយៈពេលពីរថ្ងៃ ពោលគឺកាលពីថ្ងៃសៅរ៍ ទី១៨ និងថ្ងៃអាទិត្យទី១៩ ខែមិថុនា ឆ្នាំ២០១៦។

កម្មវិធីបុណ្យខាងលើ បានបញ្ចប់កាលពីថ្ងៃទី១៩ ​ខែមិថុនា ឆ្នាំ២០១៦ ដោយបានជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែអង្គផ្កាប្រាក់សាមគ្គី ចូលទៅកាន់វត្ត គិរីរតនារាម ហៅវត្តត្រពាំងក្រហម ដើម្បីប្រគេនដល់ព្រះសង្ឃ។

អ្នកផ្តើមបុណ្យផ្កាប្រាក់សាមគ្គីនេះ រួមមាន លោក ប៊ូ ឡាំ សមាជិករដ្ឋសភា និងភរិយា ព្រមតាំងក្រុមគ្រួសារ និង លោក មួង ប៉យ ប្រធានសមាជិកក្រុមប្រឹក្សា ខេត្តរតនគីរី និង ភរិយា ព្រមទាំងក្រុមគ្រួសារ​ និង លោក ថង សាវុន អភិបាលគណៈអភិបាលខេត្តរតនគីរី និងភរិយា ព្រមទាំង មន្រ្តីរាជការគ្រប់ស្ថាប័នទូទាំងខេត្តរតនគីរី និងលោក លោកស្រី គង់ សុមាលី ព្រមទាំងក្រុមគ្រួសារ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគោរពនិមន្តយាង និងអញ្ជើញ អស់លោក លោកស្រី អ្នកនាងកញ្ញា និងប្រិយមិត្តសប្បុរសជន និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានជិតឆ្ងាយ ចូលរួមចាប់មគ្គផល តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនកុំបីអាក់ខានឡើយ៕