(ភ្នំពេញ)៖ ស្ដ្រីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលូកហោប៉ៅដើម្បីលួចកាបូបស្ដ្រីម្នាក់​ដែលកំពុងឈរទិញម្ហូប​ក្នុងផ្សារទំនប់ តែមិនបានសម្រេច ក៏ត្រូវម្ចាស់ដឹងខ្លួនទាន់ រួចចាប់ប្រគល់ខ្លួនឲ្យ កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ។ ហេតុការណ៍នេះ​កើតឡើងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅក្នុងផ្សារទំនប់ ហៅផ្សារងិនអាន ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងដើរទិញម្ហូប ក្នុងផ្សារ ខណៈនោះស្ត្រីត្រូវសង្ស័យម្នាក់បានមកបន្លំ​លូកហោប៉ាវលួច​យកកាបូប​លុយពីជនរងគ្រោះ ប៉ុន្តែត្រូវ​បានអ្នករត់ម៉ូតូឌុបឃើញទាន់ប្រាប់ជនរងគ្រោះ ឲ្យឃាត់ខ្លួនស្ត្រីសង្ស័យ​ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែតែម្ដង។ សមត្ថកិច្ចបន្ថែមថា ស្ត្រីជនសង្ស័យ ឈ្មោះ ទូច កញ្ញរី អាយុ២៨ឆ្នាំ ចំណែកស្ត្រីរង​គ្រោះឈ្មោះ ផាន់ ឆវី អាយុ៤៣ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ៥៩៨ ក្រុមទី១៦ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវ​បានសមត្ថកិច្ច​បញ្ជូនខ្លួនទៅសួរនាំនៅប៉ុស្ដិ៍ទួលសង្កែ និងដើម្បីចាត់ការតាមនីតិវិធី៕