(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានថ្លែងនៅក្នុងពិធីរំលឹក ខួបទិវាអតីតយុទ្ធជនកម្ពុជា លើកទី៩ នាសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ២០១៦ថា បើគណបក្សប្រឆាំង ហ៊ានប្រឆាំងនឹងថវិកា ជួយដល់សពអតីតយុទ្ធជនពិការ នោះអតីតយុទ្ធជនពិការ នឹងមិនអត់អោនឲ្យ អ្នកប្រឆាំង ឡើយ។

សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា «រាជរដ្ឋាភិបាលកម្ពុជា គួរមានក្របខណ្ឌនូវថវិកាមួយចំនួន ពីព្រោះនេះ គឺជាការចំណាយទៅលើកិច្ចការសង្គម ហើយប្រសិនបើគណបក្សប្រឆាំងហ៊ានប្រឆាំង ទៅលើការចំណាយថវិកាននេះ យុទ្ធជនពិការរបស់យើងនឹងមិនអត់អោនឲ្យអ្នកណា ដែលប្រឆាំងជាមួយ គំនិតផ្តួចផ្តើមរបស់ខ្ញុំទេ ពីព្រោះថា នេះគឺជាការជួយទៅដល់យុទ្ធជនពិការរបស់យើង»

ការលើកឡើងរបស់សម្តេច ហ៊ុន សែន បានធ្វើឡើង ក្រោយពី សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្រួសាររបស់សម្តេច ជួយដល់ក្រុមគ្រួសារ អតីតយុទ្ធជន មរណភាព១០០សព ក្នុងមួយឆ្នាំ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជួយ៥០សពក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថា គ្រួសារសពអតីតយុទ្ធជនមួយសព ទទួលបានការឧបត្ថម្ភ ៤លានរៀល។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម ក្នុងមួយខែអតីតយុទ្ធប្រមាណពី ២០-៤០ នាក់ បានទទួលមរណភាព។

ក្រៅពីការឧបត្ថម្ភពីសំណាក់ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏នៅមាន អ្នកឧកញា និងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត ចូលរួមឧបត្ថម្ភជាថវិកាជាបន្តបន្ទាប់ផងដែរ៕